CamNews

ព័ត៌មានអន្តរជាតិ 

កេរ្ដិ៍ឈ្មោះក៏ខូច គុកក៏ជាប់! អតីតនាយករដ្ឋមន្រ្ដីបង់ក្លាដេស ត្រូវតុលាការកាត់ទោសដាក់គុក ៥ ឆ្នាំ

ចៅក្រមនៃតុលាការពិសេសក្រុងដាការប្រទេសបង់ក្លាដែស បានរកឃើញថា អតីតនាយករដ្ឋមន្ត្រី អ្នកស្រី Khaleda Zia មានពិរុទ្ធពីបទពុករលួយ និងបានផ្តន្ទាទោសលោកស្រីដាក់ពន្ធនាការ ៥ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ។

អតីតនាយករដ្ឋមន្រ្ដីរូបនេះ ត្រូវបានផ្តន្ទាទោសពីបទកិបកេងប្រាក់របស់មូលនិធិសប្បុរសធម៌ជិត ២៥០.០០០ ដុល្លា ជាមូលនិធិ ដែលត្រូវបានបង្កើតឡើងសម្រាប់មណ្ឌលកុមារកំព្រា អំឡុងអាណត្តិរបស់លោកស្រីឆ្នាំ ២០០១-២០០៦ ។

តុលាការបានកាត់ទោសកូនប្រុសរបស់លោកស្រី Zia ឈ្មោះ Tarique Rahman និងអ្នកផ្សំគំនិត ៤ នាក់ទៀតឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ហើយបានបង្គាប់ពួកគេឱ្យបង់ប្រាក់ពិន័យ ២,៥ លានដុល្លារសម្រាប់ការចូលរួមនៅក្នុងគម្រោងការកេងប្រវ័ញ្ចប្រាក់មូលនិធិរបស់ខ្លួន។



ចៅក្រមលោក Mohammad Akhteruzzaman បានថ្លែងថា លោកស្រី Zia ត្រូវបានតុលាការកាត់ទោសឱ្យជាប់ទោសច្រើនជាងអ្នកទោស ៥ នាក់ផ្សេងទៀត ដោយសារតែឋានន្ដរស័ក្ដិក្នុងសង្គមរបស់លោកស្រី។

ក្រៅពីការបង់ប្រាក់ធានាឱ្យនៅក្រៅឃុំ មេធាវីរបស់លោកស្រី Zia  កំពុងស្វែងរកវិធីបញ្ឈប់សាលក្រមផ្ដន្ទាទោសរបស់តុលាការមួយនេះ។ ច្បាប់បង់ក្លាដែស ហាមប្រាមគ្រប់បុគ្គល ដែលមានទោសជាប់ពន្ធនាគារលើសពីពីរឆ្នាំ ពីការឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដរយៈពេលប្រាំឆ្នាំ។ លោក Anisul Huq រដ្ឋមន្រ្តីក្រសួងនីតិកម្ម យុត្តិធម៌ និងកិច្ចការសភា បានថ្លែងថា រឿងនេះ ស្រេចតែតុលាការឧទ្ធរណ៍ជា អ្នកកំណត់ថាតើ អតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតលើកក្រោយទៀត ឬយ៉ាងណាទៅចុះ ៕



ប្រែសម្រួល៖ សារ៉ាត់

ប្រភព៖ Jurist 


Tags: International news