ព័ត៌មានអន្តរជាតិ ៖ យោធារុស្ស៊ីចំនួន ១០ នាក់ ត្រូវបានចាប់ឃុំខ្លួន នៅទីក្រុងដូណេតក៍ ភាគខាងកើត ប្រទេស អ៊ុយក្រែន កាលពីថ្ងៃអង្គារ ស្របពេល ដែលភាពតានតឹងនៅទីនោះ មិនទាន់មាន ភាពស្រាក ស្រាន បន្តិចឡើយ ។
សារព័ត៌មាន ស៊ីអិនអិនរបស់អាម៉េរិក បានចេញផ្សាយ នៅថ្ងៃពុធ ទី២៧ ខែសីហា នេះ ដោយដកស្រង់ សម្តី ពីកងកម្លាំងសន្តិសុខ អ៊ុយក្រែនថា យោធារុស្ស៊ីខាងលើនេះ ត្រូវបានចាប់ខ្លួនដោយ រួមជាមួយ នឹងឯក សារផ្សេងៗ ព្រមទាំងអាវុធ នៅក្នុងដៃរបស់ពួកគេថែមទៀត ។
ឆ្លើយតប ទៅនឹង បញ្ហានេះ ទីក្រុង មូស្គូ បានធ្វើការ ច្រានចោលម្តងហើយ ម្តងទៀតថា ខ្លួនមិនបាន បញ្ជូន យោធា និងអាវុធឆ្លងកាត់ព្រំដែនចូលទឹកដីអ៊ុយក្រែននោះទេ ហើយនៅភាគខាងកើតអ៊ុយក្រែន នោះ គឺ ជាទីតាំងជម្លោះសុទ្ធសាធ រវាងក្រុមឧទ្ទាមផ្តាច់ខ្លួន ដែល គាំទ្ររុស្ស៊ី នឹង រដ្ឋាភិបាលអ៊ុយក្រែន ប៉ុណ្ណោះ។
ដោយឡែកការចាប់បាន ទាហានរបស់រុស្ស៊ីនេះ សារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានចេញផ្សាយថា ទាហានទាំងនោះ ទំនងជាកងកម្លាំងរុស្ស៊ី ដែលដើរយាមល្បាតតាមព្រំដែន ហើយ ពួកគេ បានធ្លោយ ចូលទឹកដីរបស់អ៊ុយក្រែន ដោយអចេតនាប៉ុណ្ណោះ ព្រោះវាមិនមានខ្សែបន្ទាត់ណាមួយ ដែលបង្ហាញឲ្យ ជាក់ច្បាស់ពីទីដៅព្រំដែននោះឡើយ ។
គួរបញ្ជាក់ថា ឧប្បដិហេតុនេះ បានកើតឡើង ស្របពេល ដែលប្រធានាធិបតីប្រទេសទាំងពីរ គឺ លោក វ្លាឌីមៀ ពូទីន និង លោក ផេត្រូ ផរ៉ូហ្សេនកូ ជួបពិភាក្សាគ្នា ជាលើកដំបូងនៅប្រទេស បេឡារុស ហើយ ភាគីទាំងពីរបានបង្ហាញភាពវិជ្ជមាន ចំពោះកិច្ចពិភាក្សាគ្នានោះ ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិអិនអិន