សុខភាព ៖ ទឹកដោះគោ និងផលិតផលទឹកដោះ គឺជាអាហារល្អប្រសើរចំពោះសុខភាព និងជាប្រភេទអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ដោយសារវាផ្ដល់ឱ្យរាងកាយនូវប្រភពដ៏ប្រសើរ នៃជាតិកាល់ស្យូម វីតាមីនD ព្រមទាំងប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។ លើសពីនេះទៀត វាផ្ដល់ឱ្យរាងកាយនូវជាតិ ផូស្វ័រ ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីនA វីតាមីន B12 និងសារធាតុ riboflavin។
ជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ ទឹកដោះគោជូរ និងប្រូមាគឺមានសារសំខាន់ណាស់សម្រាប់មនុស្ស ដោយសារមនុស្សភាគច្រើនមិនបានទទួលវីតាមីនD ឬសារធាតុជាតិកាល់ស្យូមគ្រប់គ្រាន់នោះទេក្នុងមួយថ្ងៃៗ។ ការពិសាផលិតផលទឹកដោះតាមការណែនាំ ៣ ដងក្នុងមួយថ្ងៃ អាចជួយពង្រឹងនូវម៉ាស់សាច់ដុំ ដែលដឹកនាំទៅរកការលើកកម្ពស់សុខភាពឆ្អឹងឱ្យរឹងមាំពេញមួយជីវិត។
ដើម្បីទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការក្នុងមួយថ្ងៃៗ មនុស្សភាគច្រើន គួរតែទទួលទានទឹកដោះគោ ៣ពែងក្នុងមួយថ្ងៃ ឬពិសាផលិតផលទឹកដោះឱ្យបានរាល់ថ្ងៃ។ សូមចាប់ផ្ដើមអាហារពេលព្រឹកល្អចំពោះសុខភាពដោយមាន Cereal ទឹកដោះគោ ផ្លែឈើ ទឹកដោះគោជូរ ព្រមទាំងដាក់បញ្ចូលប្រូមា(Cheese) ទៅក្នុងអាហារពេលថ្ងៃត្រង់ និងគិតដល់សូកូឡាលាយទឹកដោះក្ដៅៗសម្រាប់បង្អែមពេលល្ងាចផងដែរ។
គុណប្រយោជន៍សំខាន់ៗមួយចំនួនទៀត នៃផលិតផលទឹកដោះគោ
ជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ គឺងាយស្រួលក្នុងការជ្រាបចូល និងប្រើប្រាស់ក្នុងរាងកាយ។ របបអាហារសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនD ជំនួយដល់សុខភាពឆ្អឹង។ ដោយសារវាមានផ្ទុកបរិមាណប្រូតេអ៊ីន វីតាមីនD និងកាល់ស្យូមខ្ពស់ ទើបធ្វើឱ្យផលិតផលទឹកដោះក្លាយជាជម្រើសដ៏ប្រសើរសម្រាប់ថែរក្សាឆ្អឹងឱ្យរឹងមាំ។
របបអាហារសម្បូរដោយផ្លែឈើ បន្លែ និងផលិតផលទឹកដោះផ្ទុកជាតិខ្លាញ់ទាប គឺមានប្រសិទ្ធភាពដូចឱសថមួយចំនួន ដែលអាចកាត់បន្ថយសម្ពាធឈាម នៅក្នុងខ្លួនមនុស្សកើតជំងឺលើសឈាម។ ការសិក្សាស្រាវជ្រាវបង្ហាញថា អាហារទាំងអស់នេះមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង និងសរសៃឈាម និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ផលិតផលទឹកដោះផលិតតាមបែបប្រពៃណីដូចជា ទឹកដោះគោជូរនេះ មានផ្ទុកឱសថប្រូបាយអូទិក ដែលផ្ដល់គុណប្រយោជន៍ជាច្រើនដល់សុខភាព។ ប្រូបាយអូទិកនៅក្នុងចំណីអាហារ អាចពង្រឹងនូវពពួកបាក់តេរីល្អៗនៅក្នុងពោះវៀន លើកកម្ពស់សុខភាព និងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺផ្សេងៗ៕
ប្រែសម្រួល ៖ ដេវីដ
Source: healthyeating