CamNews

ព័ត៌មានអន្តរជាតិ 

មុននេះបន្ដិច មានការផ្ទុះអាវុធ ក្បែរវិមានប្រធានាធិបតីហ្វីលីពីន

ទីក្រុងម៉ានីល: នៅមុននេះបន្ដិច មានការផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្បែរលំនៅដ្ឋានរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាទីក្រុងម៉ានីល ។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង នៅក្នុងឧទ្យាន Malacanang ដែលជាមូលដ្ឋានរបស់អង្គភាពកងអង្គរក្សរបស់លោក Duterte និងនៅជិតភូមិគ្រឹះ Bahay ng Pagbabago របស់លោក អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតី លោក Mike Aquino បាននិយាយបែបនេះ នៅក្នុងសារមួយ ផ្ញើទៅកាន់អ្នកយកព័ត៌មាន។ មន្រ្ដីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតទេ ពីហេតុការណ៍នេះ ។

វិទ្យុ DZMM បានរាយការណ៍ថា មនុស្សតែម្នាក់ប៉ុណ្ណោះ ដែលបានរងរបួស នៅក្នុងឧបទ្ទវហេតុនេះ។



ទោះបីជាយ៉ាងណា ក៏មានសារដ៏ចម្រូងចម្រាស់មួយចំនួន ត្រូវបានយកចេញពីវិមានប្រធានាធិបតីដែរ ពោលគឺនៅការិយាល័យរបស់លោក Duterte តែម្ដង ។ លោក បានចំណាយពេលចុងសប្តាហ៍ នៅក្នុងទីក្រុងកំណើតរបស់លោក គឺទីក្រុងដាវ៉ាវ ហើយលោកមិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ កាលពីថ្ងៃចន្ទ។ លោក ត្រៀមនឹងចូលរួម ក្នុងព្រឹត្តិការណ៍មួយចំនួន នៅទីក្រុងម៉ានីល នៅល្ងាចថ្ងៃអង្គារនេះ។

មន្រ្តីវិមានប្រធានាធិបតីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែលោក មិនត្រូវបានអនុញ្ញាតឱ្យនិយាយ ជាមួយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា លោក Duterte មិនបាននៅទីនោះទេ នៅពេលការផ្ទុះអាវុធនោះកើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Ernesto Abella មិនអាចបញ្ជាក់ពីកន្លែង ដែលលោក Duterte នៅនោះទេ។ លោកបាននិយាយថា វាឆាប់ពេកក្នុងការធ្វើអត្ថាធិប្បាយអំពីឧបទ្ទវហេតុនេះ។

លោក Abella បានប្រាប់សន្និសីតកាសែតខ្លីមួយថា៖ "ការផ្ទុះអាវុធនេះ កំពុងត្រូវបានស៊ើបអង្កេត ហើយមូលហេតុនៃការផ្ទុះអាវុធនេះ ចាំបាច់ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់" ។

នៅពេលសួរថា តើខាងវិមានប្រធានាធិបតី មានការព្រួយបារម្ភដែរ ឬយ៉ាងណានោះ លោក Abella បាននិយាយថា៖ "ជាការពិតណាស់ វាជាបញ្ហាមួយគួរឱ្យព្រួយបារម្ភ ប៉ុន្តែយើងចាំបាច់ត្រូវបញ្ជាក់ថាអ្វីជាអ្វីឱ្យបានច្បាស់លាស់សិន" ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news