អ្នកជំនាញផ្នែកសុខាភិបាល បានព្រមានអំពីគ្រោះថ្នាក់នៃការទទួលទានពោតក្លាហ្សេ ក្រោយពីមនុស្ស ៩ នាក់ បានស្លាប់នៅអឺរ៉ុបដោយសារជំងឺឆ្លងម្យ៉ាងឈ្មោះ Listeriosis ហើយអ្នកស្លាប់ពីរនាក់ក្នុងចំណោមនោះ គឺជាជនជាតិអង់គ្លេស។
ទីភ្នាក់ងារគ្រប់គ្រងមាត្រដ្ឋានម្ហូបអាហារ(FSA) បានចេញសេចក្ដីព្រមានមួយដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យចម្អិនបន្លែក្លាហ្សេគ្រប់ប្រភេទឱ្យឆ្អិនល្អ មុនពេលទទួលទានវា ក្រោយពីមានអ្នកស្លាប់ ដែលផ្សារភ្ជាប់ទៅនឹងការកើតមានមេរោគ listeriosis ជាជំងឺឆ្លងម្យ៉ាង ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
រហូតមកដល់ពេលនេះ ពលរដ្ឋនៅប្រទេសអង់គ្លេសចំនួន ១១ នាក់ បានឆ្លងមេរោគ Listeriosis បើរាប់តាំងពីឆ្នាំ ២០១៥ មក ព្រមទាំង ឆ្លងដល់មនុស្សជាច្រើននាក់ នៅក្នុងប្រទេសចំនួន ៤ ទូទាំងទ្វីបអឺរ៉ុប។
អាជ្ញាធរសុត្ថិភាពម្ហូបអាហារអឺរ៉ុប(EFSA) ដែលបានព្រមានអំពីការទទួលទានផលិតអាហារក្លាហ្សេ ដែលចម្អិនមិនទាន់ឆ្អិនល្អរួមទាំងផ្ទី និងសណ្ដែកខៀវផងដែរនោះ បាននិយាយថា មនុស្ស ៩ នាក់ ដែលបានឆ្លងមេរោគ បានស្លាប់បាត់បង់ជីវិត ដោយអ្នកស្លាប់ពីរនាក់ក្នុងចំណោមនោះ បានស្លាប់នៅក្នុងប្រទេសអង់គ្លេសកាលពីឆ្នាំមុន។
រុក្ខជាតិកក នៅក្នុងប្រទេសហុងគ្រី ត្រូវបានគេចាត់ទុកថា ជាមូលហេតុ ដែលនាំឱ្យមានការឆ្លងមេរោគ ដោយករណីឆ្លងចំនួន ២ ក្នុងចំណោម ១១ ករណីបង្ហាញថា អ្នកជំងឺបានទទួលទានពោតម៉ាកដូចគ្នា ដែលទិញមកពីផ្សារទំនើបអង់គ្លេស ដោយត្រូវបានគេដឹងថា ផលិតផលពោតនេះ ប្រទេសហុងគ្រីជាអ្នកផ្គត់ផ្គង់។
វេជ្ជបណ្ឌិតមកពីមន្ទីរសុខាភិបាលសាធារណៈនៃប្រទេសអង់គ្លេស បានមានប្រសាសន៍ថា៖ “មនុស្សភាគច្រើន ដែលឆ្លងមេរោគនេះ មិនងបង្ហាញឱ្យឃើញអាការៈនោះទេ ឬគ្រាន់តែមានអាការៈធ្វើទុក្ខកម្រិតស្រាលដូចជា ក្អួត រាក ដែលកើតឡើងរយៈពេលពីរបីថ្ងៃ ដោយមិនចាំបាច់ផ្ដល់ការព្យាបាល”។
មេរោគឆ្លងនេះ អាចមានសភាពធ្ងន់ធ្ងរ ចំពោះអ្នកជំងឺណា ដែលមានប្រព័ន្ធស៊ាំរាងកាយខ្សោយ ឬវិវត្ដធ្ងន់ធ្ងរចំពោះក្រុមមនុស្ស ដែលងាយឆ្លងជំងឺរួមមានដូចជា ចាស់ជរា ទារក និងស្រ្ដីមានផ្ទៃពោះ។
វិធីល្អបំផុតដើម្បីបង្ការកុំឱ្យឆ្លងមេរោគ Listeriosis គឺត្រូវអនុវត្ដទម្លាប់អនាម័យចំពោះម្ហូបអាហារឱ្យបានល្អ។ ដោយរួមសហការជាមួយ FSA, ស្ថាប័នគ្រប់គ្រងមាត្រដ្ឋានម្ហូបអាហារនៃប្រទេសស្កុតលែន(FSS) និងមន្ទីរការពារសុខភាពនៃប្រទេសស្កុតលែន(HPS) យើងបានរំលឹកប្រជាជនថា បន្លែក្លាហ្សេភាគច្រើន រួមទាំងពោតផងនោះ ចាំបាច់ត្រូវតែចម្អិនឱ្យឆ្អិន មុនពេលទទួលទាន។ កត្ដានេះ ក៏រួមបញ្ចូលផដងដែរ ប្រសិនបើយើងយកវា ទៅបន្ថែមក្នុងសាឡាដ ទឹកក្រឡុក និងទឹកជ្រលក់ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ metro.co.uk