ភ្នែកគឺជា កញ្ចក់ឆ្លុះបញ្ចាំងពីចេតនារម្មណ៍របស់មនុស្ស។ ពិតប្រាកដណាស់ អ្នកប្រាកដជាត្រូវការកែវភ្នែកដ៏មានតម្លៃរបស់អ្នក ដែលជាសរីរាង្គដ៏ចំបង នៃផ្ទៃមុខរបស់អ្នកដើម្បីបញ្ចេញនូវភាពភ្លឺថ្លាប្រកបដោយសុខភាពល្អ និងសុភមង្គល។ ភ្នែកក្រហម ស្រអាប់ និងខ្សោយសមត្ថភាពជាលទ្ធផលនៃកត្ដាជាច្រើនដូចជា កត្ដាជំងឺ ភាពអស់កម្លាំង របបអាហារមិនគ្រប់គ្រាន់ និងភ្នែកស្ងួតជាដើម។ ត្រង់ចំណុចពណ៌សនៃភ្នែកលេចចេញនូវភាពក្រហម បៃតងលាយលឿងនៅខណៈពេល ដែលអ្នកគេងមិនគ្រប់គ្រាន់ ពិសាគ្រឿងស្រវឹងច្រើន ឬថ្លើមខ្សោយ។ ការអានសៀវភៅនៅក្រោមពន្លឺភ្លើងតិច ឬដាក់សៀវភៅ ឬក្រដាសកៀកភ្នែកពេកអាចបណ្ដាលឱ្យភ្នែកស្រលៀង និងក្រហម។ ការអានសៀវភៅគួរតែរក្សាគម្លាត 25.4 cm ពីភ្នែក។ ការ Makeup ឬការពាក់ Lenses គឺជាការតុបតែង ឱ្យភ្នែកភ្លឺថ្លាតែមួយគ្រាប៉ុណ្ណោះ ប៉ុន្ដែជាក់ស្ដែងការ Makeup ច្រើនពេកនឹងបង្កគ្រោះថ្នាក់ដល់ស្បែកជុំវិញភ្នែក។
ដើម្បីឱ្យមានទំនុកចិត្ដ ថាភ្នែករបស់អ្នកមានភាពភ្លឺថ្លា ដែលនឹងបង្ហាញមកខាងក្រៅឱ្យអ្នកដទៃបានឃើញ គឺត្រូវចាប់ផ្ដើមដោយមូលដ្ឋានគ្រឹះ ពោលគឺត្រូវពិសាទឹកឱ្យបានគ្រប់គ្រាន់យ៉ាងតិចពីរលីត្រក្នុងមួយថ្ងៃ។ ម្យ៉ាងទៀត សូមពិសាអាហារ ដែលសម្បូរដោយជាតិវីតាមីន A និងវីតាមីនC ឱ្យបានគ្រប់គ្រាន់។ អាហារ ដែលសម្បូរដោយវីតាមីនA នោះគឺរួមមានដូចជា ការ៉ុត ដំឡុងឈ្វា និងស្លឹកផ្ទី ។ ចំណែកឯអាហារ ដែលសម្បូរដោយ វីតាមីន C រួមមានដូចជា ផ្លែឈើជូរ ត្របែក ម្ទេសក្រហម និងល្ហុង។
អ្នកអាចពិសា ឱសថបង្រ្គប់បន្ថែមនូវអាស៊ីដខ្លាញ់ Omega3 ក្រោយការប្រឹក្សាជាមួយវេជ្ជបណ្ឌិត និងត្រូវពិសា ៤គ្រាប់ក្នុងមួយថ្ងៃ គឺ ២គ្រាប់ក្រោយអាហារថ្ងៃត្រង់ និង ២គ្រាប់ទៀតក្រោយអាហារពេលល្ងាច។ នៅពេលថ្លើមរបស់អ្នកស្ពឹក វាជាការល្អក្នុងការបណ្ដេញជាតិពុលពីប្រព័ន្ធរាងកាយ ដោយការពិសាទឹក Beetroot កន្លះពែងមុនគេបង្អស់នៅពេលព្រឹក។
វិធីសាស្រ្ដដ៏សាមញ្ញបំផុត ដើម្បីសម្រាកភ្នែក និងបន្ថែមភាពភ្លឺថ្លាទៅឱ្យវា គឺត្រូវលុញដៃទាំងពីររបស់អ្នកឱ្យក្ដៅ មុនពេលដាក់វានៅលើភ្នែកបិទរបស់អ្នកឱ្យបានរយៈពេលពីរ ឬបីនាទី ដើម្បីឱ្យភ្នែករបស់អ្នកបានសម្រាក និងស្រស់ថ្លា។ លាងភ្នែករបស់អ្នកឱ្យបានស្អាត ក្រោយពេលជម្រះម្សៅ Makeup ដោយផលិតផលលាងជម្រះ។ លាងជម្រះភ្នែករបស់អ្នកឱ្យបានស្អាត និងផ្ដិតសម្ងួតភ្នែករបស់អ្នកថ្នមៗដោយកន្សែងពោះគោ។
រៀបចំទឹកក្ដៅមួយចានគោមទុកឱ្យហើយ ដែលជាដំបូងត្រូវយកទឹកកកមួយដុំមកលុញថ្នមៗ នៅត្រង់ត្របកភ្នែកក្នុងលក្ខណៈរង្វង់មូល បន្ទាប់មកត្រូវយកដុំសំឡីជ្រលក់នៅក្នុងទឹកក្ដៅ ឬយកទឹកក្ដៅមកប្រោសលើភ្នែក។ អនុវត្ដវិធីនេះឱ្យបានឱ្យ ៧ ទៅ៨ដង ហើយវិធីនេះមិនត្រឹមតែធ្វើឱ្យភ្នែករបស់អ្នកបានសម្រាកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យភ្នែករបស់អ្នកភ្លឺថ្លាទៀតផង។
ទឹកផ្លែប៉ោមត្រូវបានអ្នកឯកទេសឱ្យដឹងថា វាមានគុណប្រយោជន៍ចំពោះមនុស្សខ្លះ។ កោសផ្លែប៉ោមយកសាច់ ហើយយកស្បៃមកច្របាច់យកទឹក បន្ទាប់មកយកដុំសំឡីទៅត្រាំក្នុងទឹកផ្លែប៉ោមនោះ ហើយយកដាក់នៅលើភ្នែកទាំងសងខាង។ សម្រាកឱ្យបាន ១៥ ទៅ ២០ នាទី ហើយអនុវត្ដវាឱ្យបានច្រើនដងតាមសេចក្ដីត្រូវការ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ livestrong