CamNews

ព័ត៌មានអន្តរជាតិ 

បាងកកមានអ្វីពិសេសទៅ បានជាជាប់ចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ?

រយៈពេលពីរឆ្នាំជាប់គ្នា ទីក្រុងបាងកក ត្រូវបានគេកំណត់ថា ជាទីក្រុងដ៏មានប្រជាប្រិយបំផុត នៅក្នុងពិភពលោកសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

យោងតាមរបាយការណ៍របស់សាជីវកម្មហិរញ្ញវត្ថុ Mastercard បានឱ្យដឹងថា រាជធានីរបស់ប្រទេសថៃ គ្រោងនឹងស្វាគមន៍ភ្ញៀវទេសចរអន្ដរជាតិប្រមាណជិត ២០,២ លាននាក់ នៅឆ្នាំនេះ។

ទីក្រុងឡុងដ៍ ដែលជាទិសដៅទេសចរណ៍លំដាប់លេខ ១ បានរក្សាចំណាត់ថ្នាក់ត្រឹមលេខ ២ របស់ខ្លួនសម្រាប់រយៈពេល ២ ឆ្នាំជាប់ៗគ្នា ដែលមានចំនួនភ្ញៀវទេសចរប្រមាណជាង ២០ លាននាក់ ត្រូវបានរំពឹងថា នឹងមកធ្វើដំណើរទេសចរកម្សាន្ដ។



ទីក្រុងប៉ារីសស្ថិតនៅលំដាប់ថ្នាក់លេខ ៣ ដោយមានភ្ញៀវទេសចរអន្ដរជាតិមកទេសចរកម្សាន្តចំនួន ១៦,១ លាននាក់ ចំណែកទីក្រុងឌូបៃជាប់ចំណាត់ថ្នាក់លេខ ៤ ដោយមានចំនួនភ្ញៀវទេសចរ ១៦ លាននាក់ ខណៈសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ៥ ដែលមានចំនួនភ្ញៀវទេសចរប្រមាណជិត ១៣,៥ លាននាក់។

ទីក្រុងឌូបៃ ជាប់ចំណាត់ថ្នាក់កំពូល សម្រាប់ការចំណាយរបស់ភ្ញៀវទេសចរ។ កាលពីឆ្នាំមុនភ្ញៀវទេសចរអន្ដរជាតិចំនួន ១៤,៩ លាននាក់ បានចំណាយប្រាក់ចំនួន ២៨,៥ ពាន់លានដុល្លារ ទន្ទឹមនឹងការព្យាករណ៍កំណើន ១០,២ %  នៅឆ្នាំនេះ។ ទីក្រុងញូវយ៉ក ជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ការចំណាយរបស់ភ្ញៀវទេសចរ ខណៈទីក្រុងឡុងដ៍ ជាប់ចំណាត់ថ្នាក់លេខ ៣។ ក្រុងបាងកក ស្ថិតនៅលំដាប់លេខ ៥ ដោយទឹកប្រាក់ចំនួន ១៤,០៨  ពាន់លានដុល្លារត្រូវបានគេរំពឹងថា នឹងត្រូវចំណាយដោយភ្ញៀវទេសចរ នៅឆ្នាំនេះ ប៉ុន្តែការព្យាករណ៍កំណើនអប្បបរមា ១០,៩% គឺជាចំនួនខ្ពស់បំផុត ក្នុងចំណោមគោលដៅទេសរណ៍កំពូលទាំងប្រាំ។

នៅទូទាំងទីក្រុងគោលដៅចំនួន ១៣២ ប្រទេស ចំនួននៃការមកដល់ភ្ញៀវទេសចរអន្ដរជាតិនៅពេលយប់ បានកើនឡើងជាង ៥៥% ចាប់តាំងពីឆ្នាំ ២០០៩  ដែលចាត់ទុកថា ជាពីកំណើន GDP  ដ៏លើសលប់ នៅក្នុងអំឡុងពេលនោះ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news