បរទេស៖ នៅក្នុងឆ្នាំ ២០១៥ នេះ ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានបង្ហាញឲ្យដឹងអំពី ស្រ្តីដែលមានទ្រព្យ សម្បត្តិស្ដុកស្ដម្ភចំនួន ១០រូប នៅក្នុងតារាងបញ្ជីមហាសេដ្ឋីរបស់ខ្លួន។ បើចង់ដឹងថា ជានរណាខ្លះ សូមមើល និងអាន ខាងក្រោមនេះទាំងអស់គ្នា ៖
១. លោកស្រី Christy Walton
លោកស្រី Christy Walton បានទទួលមរតកចំនួន ១៨,២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីប្ដីលោកស្រី គឺលោក John Walton បានស្លាប់នៅក្នុងឆ្នាំ ២០០៥ ។ បច្ចុប្បន្ននេះ លោកស្រីត្រូវបានគេចាត់ទុកថា ជាស្រ្តីដ៏មានទ្រព្យ សម្បត្តិច្រើនបំផុត ក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៤១,៧ ពាន់ដុល្លារអាមេរិក ។
២. លោកស្រី Liliane Bettencourt
ជាអ្នកជំនួញស្រី និងជាអ្នកគ្រប់គ្រងធំមួយរូបនៃ L’Oreal ជាក្រុមហ៊ុនគ្រឿងសំអាងរបស់ប្រទេសបារាំង ដែលបច្ចុប្បន្ន នេះលោកស្រីមានទ្រព្យសម្បត្តិចំនួន ៤០,១ពាន់ដុល្លារអាមេរិក ។
៣. លោកស្រី Alice Walton
ជាកូនស្រីរបស់លោក Sam Walton ដែលគាត់ជាស្ថាបនិកនៃ Wal-Mart ជាក្រុមហ៊ុនលក់រាយរបស់សហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ លោកស្រី Alice Walton មានទ្រព្យសម្បត្តិចំនួន ៣៩,៤ ពាន់ដុល្លារអាមេរិក ។
៤. លោកស្រី Jacqueline Badger Mars
ជាស្ថាបនិករបស់ Mars ជាក្រុមហ៊ុនស្ករគ្រាប់ដ៏ធំបំផុត នៅក្នុងពិភពលោក ដែលបច្ចុប្បន្ននេះ លោកស្រីមានទ្រព្យ សម្បត្តិចំនួន ២៦,៦ពាន់ដុល្លារអាមេរិក ។
៥. លោកស្រី Maria Franca Fissolo
ជាសហគ្រិនជនជាតិអ៊ីតាលីមួយរូប ដែលជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនផលិតស្ករសូកូឡា Ferrero SpA ។ បច្ចុប្បន្ន នេះ លោកស្រីមានទ្រព្យសម្បត្តិចំនួន ២៣,៤ពាន់ដុល្លារអាមេរិក។
៦. លោកស្រី Laurene Powell Jobs
ជាប្រពន្ធរបស់លោក Steve Jobs ដែលគាត់ជាសហស្ថាបនិកនៃក្រុមហ៊ុនអេឡិចត្រូនិច Apple ហើយបច្ចុប្បន្ននេះ លោកស្រីមានទ្រព្យសម្បត្តិចំនួន ១៩,៥ ពាន់ដុល្លារអាមេរិក។
៧. លោកស្រី Anne Cox Chambers
ជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនកាសែត Cox Enterprises ដែលបច្ចុប្បន្ននេះ លោកស្រីមានទ្រព្យ សម្បត្តិចំនួន ១៧ពាន់ដុល្លារអាមេរិក ។
៨. លោកស្រី Susanne Klatten
ត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋី និងស្រ្តីដ៏មានបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយគាត់មានភាគហ៊ុនចំនួន ៥០ ភាគរយនៅក្នុងក្រុមហ៊ុនរថយន្ត BMW ។ បច្ចុប្បន្ននេះ លោកស្រី Susanne Klatten មានទ្រព្យសម្បត្តិចំនួន ១៦,៨ ពាន់ដុល្លារអាមេរិក ។
៩. លោកស្រី Johanna Quandt
ជាម្ដាយរបស់លោកស្រី Susanne Klatten ដែលគាត់ក៏មានភាគហ៊ុនចំនួនជិត ៥០ ភាគរយនៅក្នុងក្រុមហ៊ុនរថយន្ត BMW ជាមួយកូនស្រី និងកូនប្រុសរបស់គាត់ផងដែរ ។ បច្ចុប្បន្ននេះ លោកស្រីមានទ្រព្យសម្បត្តិចំនួន ១៣,៩ ពាន់ ដុល្លារអាមេរិក ។
១០. លោកស្រី Iris Fontbona និងគ្រួសារ
លោកស្រី និងកូនប្រុសបីនាក់ គឺជាអ្នកគ្រប់គ្រងភាគហ៊ុននៃ Antofagasta Plc ជាក្រុមហ៊ុនរុករករ៉ែទង់ដែងដ៏ធំបំផុត របស់ពិភពលោក ។ បច្ចុប្បន្ននេះ លោកស្រី និងគ្រួសារមានទ្រព្យសម្បត្តិចំនួន ១៣,៨ ពាន់ដុល្លារអាមេរិក ៕