CamNews

សុខភាព 

មូលហេតុបង្កក្លិនមិនល្អដល់ទ្វារមាស ដែលស្រ្ដីអាចមើលរំលង

នៅតាមបញ្ជរផ្សារទំនើបនាពេលបច្ចុប្បន្នសម្បូរទៅដោយប្រភេទផលិតផល ដែលជម្រុញឱ្យយើងជាស្រ្ដីប្រើប្រាស់ដើម្បីថែរក្សាផ្នែកមួយចំនួននៃរាងកាយស្រ្ដីឱ្យបានស្អាត និងមានក្លិនក្រអូបស្រស់ស្រាយ។ មិត្ដស្រ្ដីយើងភាគច្រើនអាចនៅចងចាំប្រយោគមួយថា”តើអ្នកធ្លាប់មានអារម្មណ៍ថា រាងកាយមិនស្រស់ស្រាយដែរទេ” ដោយប្រយោគនេះលឺចេញពីស្ប៉តផ្សាយពាណិជ្ជកម្មអំពីផលិតផលទឹកថ្នាំលាងសម្អាតទ្វារមាស ដែលធ្វើឱ្យស្រ្ដីភាគច្រើនចាប់ផ្ដើមមានការងើងឆ្ងល់ពីអនាម័យទ្វារមាសរបស់ខ្លួនទាំងនៅក្មេង។ តាមការពិតគឺថា ក្លិនប្រហើរបែបធម្មជាតិរបស់ស្រ្ដីភាគច្រើនគឺមានលក្ខណៈធម្មតា។ ទ្វារមាសរបស់អ្នកមិនចាំបាច់មានក្លិនក្រអូបដូចវាលបុប្ផានៅលើប្រអប់ នៃ Spray បាញ់បំបាត់ក្លិនស្រ្ដីនោះទេ។

ហេតុអ្វីបានជាទ្វារមាសមានក្លិនមិនល្អ?

ទ្វារមាស គឺជាប្រព័ន្ធ Ecosystem នៃធាតុរាវ និងបាក់តេរីដែលត្រូវបានរក្សាឱ្យមានតុល្យភាពយ៉ាងល្អិតល្អន់ ក្នុងគោលដៅដើម្បីរក្សាកម្រិត PH ឱ្យនៅត្រឹម ៤,៥ ដែលកម្រិតនេះមានលក្ខណៈល្អប្រសើរសម្រាប់សុខភាពស្រ្ដី។ ការរួមផ្សំគ្នានៃធាតុរាវ និងបាក់តេរី បង្កើតបានជាការធ្លាក់ស ដែលពេលមួយវាអាចបញ្ចេញជាក្លិន។ ភាគច្រើនក្លិនទាំងនេះមានលក្ខណៈធម្មជាតិ និងធម្មតា ប៉ុន្ដែក៏មានពេលខ្លះ អាចមានក្លិនខ្លាំងហួសកម្រិត ដែលអាចជាសញ្ញាបញ្ជាក់នូវបញ្ហាសុខភាពមួយចំនួន។ ហេតុដូច្នេះ តើក្លិនបែបណាដែលចាត់ថាជាក្លិនធម្មតា? ការស្ទង់មតិមួយ ដែលមិនមានលក្ខណៈវិទ្យាសាស្រ្ដ អ្នកឯកទេសរោគស្រ្ដីបានកំណត់ថាមនុស្សអាចធុំក្លិនទ្វារមាសដែលមានលក្ខណៈធម្មតាចម្លាយ ៣០,៤៨សង់ទីម៉ែត្រ។ ចំពោះក្លិនដែលឈួលជាងនេះ ឬក្លិនដែលមានព្រមជាមួយការឈឺចាប់ ភាពក្ដៅក្រហល់ក្រហាយ ឬរមាស់សូមប្រញាប់រួសរាន់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។

មូលហេតុសាមញ្ញមួយចំនួនបណ្ដាលឱ្យទ្វារមាសមានក្លិនមិនល្អរួមមាន៖

រលាកទ្វារមាសដោយសារបាក់តេរី (Bacterial Vaginosis (BV))ជាធម្មតាទ្វារមាសត្រូវបានគ្រប់គ្រងដោយពពួកបាក់តេរីល្អ ប៉ុន្ដែប្រសិនបើមានអ្វីរំខានដល់​ប្រព័ន្ធ Ecosystem បាក់តេរីមិនល្អដូចជាពពួក VB នេះអាចលុកលុយម្ដង។ ជាធម្មតាពពួកបាក់តេរី VB តែងបង្កឡើងដោយការកើនឡើងលើសលប់នូវបាក់តេរីម្យ៉ាងឈ្មោះថា Gardnerella vaginalis។  រោគសញ្ញានៃការរលាកទ្វារមាសដោយសារបាក់តេរីរួមមានដូចជា ធ្លាក់សរាវមានពណ៌ប្រផេះ និងមានក្លិនឆ្អាបខ្លាំង។ ពពួកបាក់តេរី VB គឺវាបង្កការរំខានខ្លាំងណាស់ និងអាចបណ្ដាលឱ្យអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នៃការឆ្លងរោគផ្សេងៗ ប៉ុន្ដែវាមានលក្ខណៈងាយស្រួលក្នុងការព្យាបាលដោយ​ប្រើថ្នាំ អង់ទីប៊ីយូទីក។


របបអាហាររបស់អ្នក៖ វាជាការពិត ដែលពាក្យចាស់បានពោលថា” អ្នកជាអ្វីដែលអ្នកបរិភោគ”។ គ្រឿងទេស និងបន្លែមួយចំនួនដូចជា ខ្ទឹមស ខ្ទឹមបារាំង Asparagus និងគ្រឿងការី គឺជាប្រភេទអាហារ ដែលមានក្លិនឈួលខ្លាំង ដែលមានឥទ្ធិពលដល់ក្លិនរាងកាយរបស់មនុស្ស។

 

ឱសថព្យាបាលរោគ/ឱសថបង្រ្គប់បន្ថែម៖ ប្រភេទឱសថដូចជា អង់ទីប៊ីយូទីកជាដើមនេះ អាចជះឥទ្ធិពលដល់តុល្យភាពទ្វារមាសរបស់អ្នក ដែលនាំទៅរកការប្រែប្រួលក្លិន និងការធ្លាក់ស។ ប្រភេទថ្នាំ Antihistamines អាចដឹកនាំទៅរកអាការៈស្ងួតទ្វារមាស និងធ្វើឱ្យធាតុរាវ(សំណើម)នៅក្នុងទ្វារមាសមានការថយចុះ ដែលអាចមានផលប៉ះពាល់មិនល្អដល់សុខភាពទ្វារមាស។ ម្យ៉ាងទៀត ការព្យាបាលដោយប្រើរុក្ខឱសថ និងប្រេងចម្រាញ់ពីរុក្ខជាតិដ៏ពេញនិយមទាំងនេះ អាចនាំឱ្យមានការប្រែប្រួលក្លិន​នៅក្នុងទ្វារមាស។

ការបែកញើស៖ ភាគច្រើននៅបរិវេណមួយចំនួនដូចជាក្លៀក ស្បែកជុំវិញប្រដាប់ភេទ គឺងាយនឹងបែកញើសច្រើន។ ញើសនៅពេលលាយឡំជាមួយធាតុរាវពីទ្វារមាស អាចធ្វើឱ្យក្លិនប្រហើរធម្មជាតិ ប្រែទៅជាការកើនឡើងកម្រិតនៃក្លិនស្អុយតែម្ដង។ នេះជាក្លិនធម្មជាតិ ប៉ុន្ដែពេលខ្លះវាមានក្លិនមិនល្អនោះទេ។ ដើម្បីកាត់បន្ថយក្លិនមិនល្អនេះ សូមផ្លាស់ផ្ដូរសម្លៀកបំពាក់ក្រោយការហាត់ប្រាណ និងស្លៀកសំពត់ដែលងាយឱ្យខ្យល់ចេញចូល។

ការប្រែប្រួលអ័កម៉ូន៖ បរិមាណ នៃធាតុរាវបញ្ចេញពីទ្វារមាស តែងមានការប្រែប្រួលតាមរយៈវដ្ដ នៃការមករដូវ។ ការព្យាបាលអ័កម៉ូន ថ្នាំពន្យារកំណើត និងក្រែមលាបលើទ្វារមាស អាចមានឥទ្ធិពលទៅលើកម្រិត PH នៃទ្វារមាស និងក្លិនទ្វារមាសផងដែរ។ ការអស់រដូវ ក៏អាចនាំទៅរកការប្រែប្រួលយ៉ាងសន្ធឹក ខណៈពេលការធ្លាក់ចុះកម្រិតអ័កម៉ូន Estrogen អាចនាំឱ្យកើនឡើងអត្រា នៃការកើតរោគមេផ្សិតដំបែ និងពពួកបាក់តេរី BV​ ៕


ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ women’s health


Tags: Health news