មន្ត្រីអង្គការសហប្រជាជាតិ ដែលធ្វើការស៊ើបអង្កេតលើបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី Yanghee Lee កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើ "ប្រតិបត្តិការបោសសម្អាត" នៅក្នុងរដ្ឋរ៉ាក់ឃីន ដោយលោកស្រី បញ្ជាក់អះអាងថា លោកស្រីកាន់តែមានជំនឿចិត្ដថា ទង្វើរបស់រដ្ឋ អាចរាប់បានថាជាអំពើប្រល័យពូជសាសន៍។
លោកស្រី Lee បានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ទៅលើ "ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅក្នុងរដ្ឋរ៉ាឃីន ចាប់តាំងពីថ្ងៃទី ៩ ខែតុលាឆ្នាំ ២០១៦ និងថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៧ ព្រមទាំងស៊ើបអង្កេតចំពោះការរំលោភបំពាន ដែលកើតមានជាហូរហែរហូតមកដល់ពេលបច្ចុប្បន្ន" ។
ក្រុមអ្នកជំនាញនៃបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ចំពោះប្រទេសយ៉ាន់ម៉ា បានរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រព្រឹត្ដ "ប្រតិបត្តិការបោសសម្អាត" ដែលបង្ខំឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៧០០.០០០ នាក់ភៀសខ្លួនចូលប្រទេសបង់ក្លាដេស ចាប់តាំងពីខែសីហាកន្លងមក។
ប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់កងទ័ព Arakan Rohingya Salvation (ARSA) ។ ទោះបីជាយ៉ាងណាក៏ដោយ "ប្រតិបត្តិការទាំងនេះ បណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសច្រើនគួរឱ្យភ្ញាក់ផ្អើល" ។ របាយការណ៍បានបញ្ជាក់ថា "មនុស្សជាច្រើន បានស្លាប់ដោយសារតែការបាញ់សម្លាប់ ដោយគ្មានរើសមុខ ចំពោះអ្នកភូមិ ដែលរត់ភៀសខ្លួន។ អ្នកខ្លះ ត្រូវដុតទាំងរស់ នៅក្នុងផ្ទះរបស់ពួកគេ ដោយអ្នកស្លាប់ក្នុងភ្លើងភាគច្រើនគឺជា មនុស្សចាស់ជរា ជនពិការ និងកុមារតូចៗ ខណៈអ្នកភូមិផ្សេងទៀត ត្រូវបានកាប់ឱ្យស្លាប់ដោយកងកម្លាំងទាំងនោះ" ។
រូបភាពផ្កាយរណបបង្ហាញថា យ៉ាងហោចណាស់ មានភូមិចំនួន ៣១៩ ត្រូវបានបំផ្លិចបំផ្លាញ ដោយផ្នែកខ្លះ ឬទាំងស្រុង បន្ទាប់ពីប្រតិបត្តិការ បានចាប់ផ្ដើម នៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៧ ។
ក្រៅពីការស៊ើបអង្កេត លោកស្រី Lee បានអំពាវនាវឱ្យមាន "ការបង្កើតរចនាសម្ព័ន្ធអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុង Cox's Bazar ក្នុងប្រទេសបង់ក្លាដេសអស់រយៈពេល ៣ ឆ្នាំហើយនោះ ត្រូវធ្វើការស៊ើបអង្កេត កត់ត្រាជាឯកសារ ប្រមូលផ្តុំទិន្ន័យ ផែនទី និងវិភាគចំពោះភស្តុតាងនៃការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងៗទៀត ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist