CamNews

ព័ត៌មានអន្តរជាតិ 

៦ថ្ងៃបានកន្លង​ផុត​ទៅ​! តើ​យន្ត​ហោះ EgyptAir Flight 804 បាត់​ទៅ​ណា​ឲ្យ​ប្រាកដ?

(អេហ្ស៊ីប)៖ គិតមដល់ថ្ងៃទី២៣ ខែឧសភានេះ ការរុករកជើងហោះហើរអេហ្ស៊ីប EgyptAir Flight 804 នៅតែបន្ត ខណៈ​ដែល​ព័ត៌មាន​ផ្សេងៗ​ជា​ច្រើន​ត្រូវ​បាន​ទម្លាយ ហើយព័ត៌មានចុងក្រោយបំផុតគឺ ក្រុមជំនាញផ្នែ​​​អាកាស​ចរណ៍​​របស់​អេហ្ស៊ីប បាន​លើក​ឡើង​ថា យន្តហោះ EgyptAir MS804 មិនមែនធ្លាក់ដោយសារ ភេរវករវាយប្រហារនោះទេ ពីព្រោះគេអាច​ចាប់​បាន​សំឡេង​របស់​ពីឡុត ដែលព្យាយាមទាក់ទងមកកាន់ក្រុមត្រួតពិនិត្យផ្លូវអាកាសតែប៉ុន្មាននាទី​ប៉ុណ្ណោះ មុនយន្តហោះខាងលើនេះបាត់ដំណឹង។

មនុស្សគ្រប់គ្នាពិតជាចង់ដឹងខ្លាំងណាស់ថា យន្តហោះ EgyptAir បាត់ទៅទីណាឲ្យប្រាកដ ហើយលើសពីនេះ ក្រុមគ្រួសារអ្នក​ដំណើរនៅលើយន្តហោះ EgyptAir រឹតតែចង់ដឹងខ្លាំងជាងនេះទៅទៀត ដោយបច្ចុប្បន្នពួកគេកំពុងទន្ទឹងរង់ចាំដោយអន្ទះសារបំផុត ព្រោះគេខ្លាច​យន្តហោះ​មួយគ្រឿងនេះ​ បាត់ដំណឹងដូច MH370។

អាជ្ញាធរអេហ្ស៊ីប ទើបបង្ហើបព័ត៌មានឲ្យដឹងនៅយប់ថ្ងៃអាទិត្យម្សិលមិញនេះថា ផ្នែកអាកាសចរណ៍ក្នុងស្រុកបានទាក់ទង និងបាននិយាយគ្នា ជាមួយពីឡុតលើយន្តហោះ EgyptAir MS804 ជាច្រើននាទីមុននឹងយន្តហោះបាត់ដំណឹង​ ដោយតាមការវិភាគសំឡេងរបស់ ពីឡុតនោះ គឺអគ្គិភ័យបានឆាបឆេះលើយន្តហោះ ដែលជាហេតុនាំឲ្យ ពីឡុតត្រូវចាត់វិធានការបន្ទាន់ដោយ ចេញការប្រកាសអាសន្ននៅក្នុងយន្តហោះ។​

រឿងដែលហួសចិត្តមួយទៀតនោះគឺថា នារីបម្រើការងារលើយន្តហោះវ័យ ២៧ឆ្នាំឈ្មោះ Samar Ezz Eldin ដែលស្ថិតនៅលើយន្តហោះអេហ្ស៊ីប EgyptAir ធ្លាប់បានបង្ហោះរូបយន្តហោះធ្លាក់ចូល ក្នុងសមុទ្រ នៅលើ Facebook Account របស់នាងមុននឹងនាងចូលបម្រើការងារនេះជាផ្លូវការចំនួន ៤ខែ នៅក្នុងក្រុមហ៊ុន EgyptAir។

ក្រោយពីបាត់បានប៉ុន្មានថ្ងៃ The Wall Street Journa បានចុះផ្សាយថា ប្រព័ន្ធទំនាក់ទំនងដោយស្វ័យប្រវត្តិ នៅលើយន្តហោះ EgyptAir ជើងហោះហើរ Flight 804 បាន​ផ្ញើ​សារ​​ព្រមាន ប៉ុន្មាននាទីមុនពេលយន្តហោះធ្លាក់ ដោយបានបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យការហោះហើរត្រូវបាន​កាត់ផ្ដាច់ និង​មាន​ហ៊ុយផ្សែង។

នៅមុននេះក្រុមអ្នកវិភាគរបស់អាមេរិក បានលើកឡើងថា យន្តហោះ EgyptAir ត្រូវបានដាក់បង្កៃគ្រាប់បែកឲ្យផ្ទុះនៅលើអាកាស បន្ទាប់ពីវា បានហោះចេញពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីប ហើយដែល ប្រទេសបារាំងនេះ ក៏ធ្លាប់ទទួលរងនូវអំពើភេរវកម្មជាច្រើនលើកមកហើយដែរ។

លោក Adel អ្នកនាំពាក្យអាកាសចរណ៍អេហ្ស៊ីប បានប្រាប់ស៊ីអិនអិននៅថ្ងៃសុក្រកន្លងទៅនេះថា «យើង សូមបញ្ជាក់ថាបំណែកដែលត្រូវបានរកឃើញនោះ មិនមែនជារបស់យន្តហោះដែលកំពុងបាត់ ដំណឹងនោះឡើយ ដូច្នេះការរុករកនៅតែកំពុងបន្ត»។

គួរបញ្ជាក់ថាយន្តហោះ EgyptAir Flight 804 ដែលជាប្រភេទAirbus A320 ដឹកមនុស្សសរុប ៦៦នាក់ បានបាត់ដំណឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៏មុន ដោយតំណាក់កាលដំបូង គេសង្ស័យថាវាអាចធ្លាក់ទៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះមួយរបស់ប្រទេសក្រិក។ បច្ចុប្បន្នក្រុមរុករកដែលកំពុងបំពេញប្រតិបត្តិការស្វែងរកយន្តហោះ មានមកពីប្រទេសក្រិក អេហ្ស៊ីប និងបារាំង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: ISIS Fund US Airstrike Obama Washington Int news IS EgyptAir