អន្តរជាតិ ៖ ប្រទេសកូរ៉េខាងជើងបានព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើង នៅពេលណាក៏បាន ស្របពេលដែលអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធកងនាវាចររួមគ្នាដ៏ធំបំផុតមួយនៅឆ្នេរសមុទ្រភាគខាងកើត និងខាងលិចនៃឧបទ្វីប។
លោក Kim In Ryong អគ្គលេខាធិការរងរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកបានក្លាយទៅជាមហាអំណាច "ថាមពលនុយក្លេអ៊ែរពេញលេញមួយ ដែលមានមធ្យោបាយបាញ់បង្ហោះទៅកាន់ទិសដៅផ្សេងៗ និងបានព្រមានថា ដីគោកទាំងស្រុងរបស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងដែនបាញ់ប្រហារ របស់យើង" ។ លោកក៏បានហៅកូរ៉េខាងជើងផងដែរថា"ជារដ្ឋមួយ ដែលមានការទទួលខុសត្រូវខាងនុយក្លេអ៊ែរ "។
លោក គីម បាននិយាយដោយសំដៅដល់ឈ្មោះជាផ្លូវការរបស់ប្រទេសលោកថា "ដរាបណា ប្រទេសណាមួយ មិនចូលរួមក្នុងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើងទេនោះ យើងគ្មានចេតនាប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសនោះឡើយ។
ការបញ្ចេញយោបល់នេះ គឺស្រដៀងគ្នាទៅនឹងការព្រមានផ្សេងទៀត ដែលកូរ៉េខាងជើងបានធ្វើឡើង កាលពីប៉ុន្មានខែមុន ខណៈដែលភាពតានតឹង បានកើនឡើងជាមួយរដ្ឋការរបស់លោកប្រធានាធិបតី Donald Trump ។ របបរបស់លោក គីម ជុងអ៊ុន បាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រូវការសមត្ថភាពដើម្បីវាយប្រហារសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរដើម្បីរារាំងការវាយប្រហាររបស់អាមេរិក។
លោក Bruce Bennett អ្នកវិភាគជាន់ខ្ពស់ក្រសូងការពារប្រទេស នៅ Rand Corp បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ថា៖ "ពួកគេគ្រាន់តែនិយាយលក្ខណៈកំញ៉ោញតែប៉ុណ្ណោះ ពីព្រោះពួកគេគិតថា ប្រសិនបើមនុស្សគ្រប់គ្នាព្រួយបារម្ភពីអ្វី ដែលពួកគេនិយាយនោះ ការព្រួយបារម្ភនោះ នឹងរារាំងសកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូង" ។ បញ្ហានៅត្រង់ថា ប្រទេសកូរ៉េខាងជើងក្លាយជាទម្លាប់ទៅហើយក្នុងការប្រើពាក្យខ្លាំងៗបំផុតដើម្បីទប់ស្កាត់ដោយការសម្លុត និងក្អេងក្អាង ហើយឥឡូវនេះ ប្រទេសនេះ កំពុងមានការភ្ញាក់ផ្អើល ដែលអាមេរិកកំពុងប្រើវិធីស្រដៀងគ្នា ដែលខ្លួនបានប្រើ»។
លោក Trump បាននិយាយថា កងកម្លាំងយោធា ជាជម្រើសមួយដើម្បីបញ្ឈប់លោក គីម ហើយលោកបាន ច្រានចោលការចរចា ជាមួយក្រុងព្យុងយ៉ាង។ រដ្ឋមន្ត្រីការបរទេស លោក Rex Tillerson បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរូបនេះ ចង់ឱ្យលោកជំរុញផ្នែកការទូត ជាមួយកូរ៉េខាងជើង "មុនពេលឈានដល់ការទម្លាក់គ្រាប់បែក ដែលជាជម្រើសចុងក្រោយ" ។
សង្រ្គាមពាក្យសម្ដី បានឆេះជាកំសួលរវាងមេដឹកនាំទាំងពីរ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយលោក Trump បានដាក់រហ័ស្សនាមឱ្យលោក គីមថា "ជាបុរសរុក្កែត" និងបានប្រាប់អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិកនឹង "បំផ្លាញ" កូរ៉េខាងជើងទាំងស្រុងប្រសិនបើប្រទេសនេះ ហ៊ានបើកការវាយប្រហារ។ លោក គីម បានឆ្លើយតបដោយហៅលោក Trump ថាជា "មនុស្សចាស់ល្ងីល្ងើ" និងព្រមានចាត់វិធានការ"កម្រិតខ្ពស់បំផុតប្រឆាំងនឹងអាមេរិក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ" ។
មន្រ្តីយោធាកូរ៉េខាងត្បូងកំពុងត្រៀមខ្លួនដើម្បីធ្វើការបាញ់ផ្លោងមីស៊ីលមួយទៀតពីកូរ៉េខាងជើង នៅសប្តាហ៍នេះដើម្បីប្រឆាំងនឹងសមយុទ្ធយោធានអាមេរិក និងកូរ៉េខាងត្បូង ដែលរួមទាំងនាវាផ្ទុកយន្តហោះអាមេរិក និងនាវាមុជទឹកនុយក្លេអ៊ែរ។ គណបក្សកុម្មុយនិស្តចិន ក៏នឹងចាប់ផ្តើមកិច្ចប្រជុំនយោបាយដ៏សំខាន់បំផុតរបស់ខ្លួន ក្នុងរយៈពេលប្រាំឆ្នាំម្ដង នៅថ្ងៃពុធនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ bloomberg