CamNews

ព័ត៌មានអន្តរជាតិ 

កុំចេះតែហ៊ាន!! ថតវីដេអូពេលមានសេចក្ដីសុខលើគ្រែ ពេលបែកគ្នាយកវីដេអូទៅបង្ហោះ ប្រយ័ត្នដេកគុក

នគរបាលកូរ៉េខាងត្បូង បានចាប់ខ្លួនម្ចាស់គេហទំព័របង្ហោះវីដេអូរូមភេទឯកជនដ៏ល្បីមួយ ដែលត្រូវបានបិទកាលពីឆ្នាំពី ២០១៦។ គេហទំព័រ ដែលមានឈ្មោះថា Sora.net មានអ្នកប្រើប្រាស់(Users) ជាងមួយលាននាក់ ហើយបានបង្ហោះវីដេអូរួមភេទ និងវីដេអូអាសអាភាពរាប់ពាន់វីដេអូ ដែលបានថត និងចែករំលែក ដោយស្រ្ដីជាម្ចាស់ខ្លួននៅក្នុងវីដេអូពុំបានដឹង និងអនុញ្ញាតឡើយ។

នគរបាលកូរ៉េ បាននិយាយថា ម្ចាស់គេហទំព័រ រកប្រាក់បានពីពេស្យាចារ ការផ្សព្វផ្សាយពាណិជ្ជកម្មហ្គេមខុសច្បាប់ នៅលើគេហទំព័រ។ ប៉ុន្ដែជនសង្ស័យ ឈ្មោះ Song បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយបាននិយាយថា អ្នកប្រើប្រាស់ទេ ដែលជាអ្នកបង្កើតមាតិកាខុសច្បាប់ទាំងនោះ។  


អំពើផលិត និងចែកចាយវីដេអូអាសអាភាស គឺជាទង្វើខុសច្បាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកស្រី Song ត្រូវបានតុលាការចោទប្រកាន់ ក្រោមច្បាប់ស្ដីពីកិច្ចការពារការរួមភេទលើអនីតិជន និងកុមារ។

អ្នកស្រីគឺជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ ៤ នាក់រួមមានប្ដីរបស់អ្នកស្រី ដែលបានដំណើរការគេហទំព័រនេះចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ ២០១៦ ដោយប្រើម៉ាស៊ីនបម្រើបរទេស(Overseas Servers) នេះបើយោងតាម ការរាយការណ៍របស់សារព័ត៌មាន Korea Herald ។  ជនសង្ស័យ ៣ នាក់ទៀត ដែលមានលិខិតឆ្លងដែនបរទេស កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។

វីដេអូជាច្រើន បានមកពីកាំម៉េរ៉ាបង្កប់ ដែលបង្ហោះលើគេហទំព័រនោះ ត្រូវបានលួចថតយ៉ាងសម្ងាត់នៅក្នុងបន្ទប់ទឹក និងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងហាង ឬក៏ត្រូវបានបង្ហោះដោយអតីសង្សារ ដើម្បីជាការសងសឹក។

គេហទំព័រនោះ ត្រូវបានបិទក្រោយពីមានការរិះគន់ពីសាធារណជន។ ស្រ្ដីមួយចំនួន ដែលបានលេចធ្លាយនៅក្នុងវីដេអូ បានធ្វើអត្តឃាតដោយសារតែភាពអាម៉ាស់។

កូរ៉េខាងត្បូង បានឃើញ ក្រុមគាំទ្រសិទ្ធិស្រ្ដីទ្រង់ទ្រាយធំប្រមូលផ្ដុំគ្នា នៅខែឧសភា នៅពេលដែលស្ត្រីជាងមួយម៉ឺននាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងសេអ៊ូលដើម្បីទាមទារឱ្យអាជ្ញាធរខិតខំបន្ថែមទៀត ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មផ្លូវភេទតាមអ៊ីនធឺណិតនេះ ។

ស្ត្រីជាច្រើននាក់ មានការខឹងសម្បារជាខ្លាំងចំពោះការចាប់ខ្លួនតារាម៉ូដែលស្រីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទថតរូបអាក្រាតមិត្តរួមការងារម្នាក់ ដោយគ្មានការយល់ព្រមពីគាត់ និងបង្ហោះរូបថតនោះ តាមអ៊ីនធឺណិត។

ដោយសារតែជនរងគ្រោះជាបុរស ហើយជនសង្ស័យជាស្រ្ដីបែបនេះ កូរ៉េខាងត្បូង នឹងធ្វើការស៊ើបអង្កេតតាមវិធីផ្សេងៗ នេះបើយោងការឱ្យដឹងរបស់សារព័ត៌មានប្រចាំថ្ងៃ JoongAng ៕  

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ ប៊ីប៊ីសុី 


Tags: International news