CamNews

ព័ត៌មានអន្តរជាតិ 

តុលាការកំពូលអាមេរិកច្រានចោលសំណុំរឿងទោសប្រហារជីវិតរបស់សាលាឧទ្ធរណ៍ ដោយសារចៅក្រមប្រកាន់ជាតិសាសន៍

តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរារាំងចំពោះការផ្តន្ទាទោសប្រហារជីវិតអ្នកទោសមកពីរដ្ឋ Georgia ឈ្មោះ Keith Tharpe ដោយបញ្ជាឱ្យតុលាការឧទ្ធរណ៍សហព័ន្ធ នៅទីក្រុងអាត្លង់តា ត្រូវពិនិត្យមើលការអះអាង ដែលថា ចៅក្រមបានបោះឆ្នោតដើម្បីសម្រេចកាត់ទោសប្រហារជីវិតអ្នកទោស ដោយសារតែអ្នកទោសរូបនេះ ជាជនជាតិស្បែកខ្មៅ។

តាមរយៈការបោះឆ្នោត ដែលមានសម្លេង ៦-៣ តុលាការកំពូលបានជំទាស់ទៅនឹងសេចក្ដីសម្រេច ដែលធ្វើឡើងដោយតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក មិនឱ្យតុលាការនេះ អនុវត្ដសេចក្ដីសម្រេចសាលាឧទ្ធរណ៍ចុងក្រោយបង្អស់របស់ពិរុទ្ធជន Tharpe ដែលជាប់ពាក់ព័ន្ធនឹងការអះអាងថា ចៅក្រមមួយចំនួនមានភាពលំអៀងដោយសារតែការរើសអើងពូជសាសន៍។


Tharpe ត្រូវបានផ្តន្ទាទោសប្រហារជីវិតក្នុងឆ្នាំ ១៩៩១  ពីបទមនុស្សឃាតលើប្អូនថ្លៃរបស់ខ្លួន។ ប្រាំពីរឆ្នាំក្រោយមក មេធាវីរបស់ Tharpe បានទទួលលិខិតថ្លែងមួយច្បាប់ ធ្វើឡើងដោយលោកចៅក្រម Barnie Gattie ដែលបានប្រើពាក្យសម្ដីប្រកាន់ពូជសាសន៍ ក្នុងន័យសំដៅទៅលើជនជាតិស្បែកខ្មៅ ហើយបាននិយាយថា«បន្ទាប់ពីបានសិក្សាព្រះគម្ពីរ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាជនជាតិស្បែកខ្មៅ គ្មានបេះដូងអ៊ីចឹង!»។

មតិភាគច្រើនបានលើកហេតុផលថា«ការថ្លែងរបស់លោក Gattie ដ៏គួរឱ្យកត់សម្គាល់ ដែលលោកមិនដែលលាតត្រដាងនេះ បានបង្ហាញពីមូលដ្ឋានដ៏រឹងមាំមួយ សម្រាប់កាបញ្ជាក់រអះអាងថា ជាតិសាសន៍របស់លោក Tharpe ជះឥទ្ធិពលដល់ការបោះឆ្នោតរបស់លោកចៅក្រម Gattie ចំពោះការចេញសេចក្ដីសម្រេចកាត់ទោសប្រហារជីវិតនេះ។ យ៉ាងហោចណាស់ អ្នកច្បាប់អាចជជែកដេញដោលគ្នាថាតើ ពិរុទ្ធជន Tharpe មានភស្តុតាងច្បាស់ និង​ល្មមជឿបានដែរ ឬទេថា សេចក្ដីសម្រេចជាក់លាក់របស់តុលាការរដ្ឋនេះ ពុំត្រឹមត្រូវ។"

ចៅក្រម Clarence Thomas បានសរសេរគំនិតប្រឆាំងមួយ ដែលមានការចូលរួមដោយចៅក្រម Samuel Alito និងចៅក្រម Neil Gorsuch ដែលលោកបានចោទប្រកាន់សាធារណមតិថា ពួកគេបង្វែររូបភាពច្បាប់ដើម្បីបង្ហាញការយកចិត្តទុកដាក់របស់ខ្លួន ចំពោះយុត្តិធម៌ពូជសាសន៍ ៕


ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Jurist


Tags: International news