CamNews

កីឡា 

លទ្ធផល ONE FC: ឌុន សំអាង លើកពាន ខណៈកីឡាករ Adriano Moraes ដណ្ដើមបាន ខ្សែក្រវាត់មាស

ភ្នំពេញ៖ លទ្ធផលការប្រកួតក្បាច់គុនចម្រុះ (MMA) ក្នុងទ្រុងមហោស្របកោះពេជ្រ ក្នុងព្រឹត្តិការណ៍ ONE FC: RISE OF THE KINGDOM បានបញ្ចប់ដោយមោទនៈភាពបំផុត ដោយកីឡាករ ឌុន សំអាង របស់កម្ពុជា បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ជាតិ Featherweight Grand Prix ក្រោយប្រកួតឈ្នះកីឡាករ ចាន់ រតនា ក្នុងវគ្គផ្ដាច់ព្រ័ត្រ រីឯកីឡាករដែល គ្រងតំណែង ម្ចាស់ខ្សែក្រវាត់មាសរបស់ស្ថាប័ន ONE FC ប្រចាំព្រឹត្តិការណ៍លើកដំបូងលើទឹកដីកម្ពុជានេះ គឺបានទៅកីឡាករជនជាតិប្រេស៊ីល Adriano Moraes ក្រោយចាប់ក្លេកីឡាករហ្វីលីពីន Geje Eustaquio ឲ្យសុំចុះចាញ់ត្រឹមទឹកទី២ ។

ការប្រកួតដណ្ដើមពានរង្វាន់ជាតិ Featherweight Grand Prix ដើម្បីបានទៅហ្វឹកហាត់នៅក្លឹបក្បាច់គុនចម្រុះ (MMA) លំដាប់ពិភពលោក Tiger Muay Thai នៅប្រទេសនោះ ជ័យជំនះបានទៅកីឡាករ ឌុន សំអាង ដោយសាកីឡាករ ចាន់ រតនា វ៉ៃខុសលក្ខិន្ដិកៈនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទឹកទី១ ដែលប្រើជើងជាន់លើមុខ ឌុន សំអាង ហើយត្រូវអាជ្ញាកណ្ដាល ពិន័យកាតក្រហម ឲ្យចាញ់កីឡាករ ឌុន សំអាង ដែលឡើងវាយជំនួសកីឡាករ ហុន ចាន់រាជ  ។ ប៉ុន្ដែមុនជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រកីឡាករ ឌុន សំអាង បានវាយយកឈ្នះកីឡាករ ជិន ហេង ដោយប្រើរយៈពេល ២:៣៤វិនាទី ខណៈកីឡាករ ចាន់ រតនា បានផ្ដួលកីឡាករ ប្រាក់ ចាន់ស៊ីន ឲ្យសន្លឹបក្នុងទឹកទី១ ជាមួយនឹងរយៈពេល ៤:៣២វិនាទី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

ចំពោះគូឯកប្រចាំព្រឹត្តិការណ៍គឺកីឡាករ Adriano Moraes ដែលជាបេក្ខភាពត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករ Geje Eustaquio ក៏បានធ្វើឲ្យអ្នកទស្សនាផ្ទាល់មានការភ្ញាក់ផ្អើលពេញមហោស្របតែម្ដង រាល់ពេលកីឡាករជើងខ្លាំងទាំង ២រូប បើកការវាយសម្រុកគ្នាម្ដងៗ ប៉ុន្ដែជាលទ្ធផលនៅចុងទឹកទី២ នៅពេល Adriano Moraes ស្ថិតនៅក្រោមការគាប់សង្កត់របស់ Geje Eustaquio នោះ Adriano បែរជាមានឱកាសចាប់ដៃ Geje ក្លេជាប់ធ្វើឲ្យកីឡាករជនជាតិហ្វីលីពីន នេះគួសដៃសុំចុះចាញ់ភ្លាមៗតែម្ដង ។

រីឯគូប្រកួតដ៏ជក់ចិត្តក្នុងចំណោមគូប្រកួតកិត្តិយស ៤គូ គឺកីឡាករ Suasday Chau ដែលជាអ្នកលេងក្បាច់គុនចម្រុះ សញ្ជាតិអូស្រ្ដាលី ជនជាតិកម្ពុជា ហើយឡើងវាយតំណាងឲ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍អស្ចារ្យនេះ គឺបានប្រកួតចាញ់កីឡាករ  Arnaud Lepont មកពីប្រទេសបារាំងទាំងកិត្តិយស ក៏ព្រោះកីឡាករជនជាតិបារាំងរូបនោះ វាយខុសលក្ខន្ដិកៈនៅដើមទឹកទី១ ដែលធ្វើឲ្យ Suasday មានកម្លាំងធ្លាក់ចុះ ប៉ុន្ដែអាជ្ញាកណ្ដាលមិនកាត់ក្ដីឲ្យចាញ់នោះទេ គ្រាន់តែពិន័យកាត់លឿងប៉ុណ្ណោះ ហើយក៏បន្ដការប្រកួតធម្មតា ។ ជាលទ្ធផលការប្រកួតបន្ដបានត្រឹម ២:២១វិនាទីប៉ុណ្ណោះ Suasday ត្រូវកីឡាករ Arnaud ចាប់បានហើយវាយរហូតអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង ។

ដោយឡែកគូឯករងប្រចាំព្រឹត្តិការណ៍ គឺកីឡាករ Caros Fodos របស់ប្រទេសអាមេរិក បានផ្ដួលកីឡាករមកពីប្រទេសហុល្លង់ Vincent Latoel ឲ្យចុះចាញ់ក្នុងទឹកទី២ ។ ចំណែកកីឡាការិនី សំ ថារ័ត្ន ឈ្នះប្រកួតកីឡាការិនី វី ស្រីឆាយ ក្នុងទឹកទី១ ដោយប្រើរយៈពេល ៤:៣២វិនាទី ប៉ុន្ដែ សំ ថារ័ត្ន បានកោសសរសើរដល់ ស្រី ឆាយ ដែលតស៊ូមិនងាយចុះចាញ់ឡើយ ពោលគឺទាល់តែអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតទើប ស្រីឆាយ សុខចិត្ត ។

កីឡាករ មាស ម៉ៅ បានបន្ដកំណត់ត្រាមិនធ្លាប់ចាញ់មួយប្រកួតទៀត តាមរយៈការផ្ដួលកីឡាកររ ចាន់ ហេង ក្នុងទឹកទី១ ជាមួយនឹងរយៈពេល ៤:០៧វិនាទី រួមជាមួយការបានបន្សល់ទុកនូវស្នាមបែកជាច្រើនកន្លែងនៅលើផ្ទៃមុខកីឡាករ ចាន់ ហេង ទៀតផង ។ ជោគជ័យក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឲ្យកីឡាករ មាស ម៉ៅ សម្ដែងការសប្បាយរីករាយជាខ្លាំង ដែលខ្លួនបានធ្វើទស្សនិករាប់ពាន់នាក់កោតសរសើររូបគេ ។

កីឡាករម៉ាឡេស៊ី Jankai Chee ត្រូវបានកីឡាករ Amir Khan មកពីប្រទេសសិង្ហបុរី ប្រើពេលត្រឹម ២:២៥វិនាទីផ្ដួលឲ្យសន្លប់ ដោយការប្រើជង្គង់បុកចំចុងដង្ហើមកីឡាករ Jankai Chee ។ ចំណែកជំនួបមិត្តភាពរវាងកីឡាករ Sung Ming Yen ឆ្លងដែនមកពីតៃវ៉ាន់ និងកីឡាករសិង្ហបុរី Radeem Rahman គឺប្រើពេលប្រកួតរហូតដល់ទៅ ៣ទឹកឯណោះ ប៉ុន្ដែលទ្ធផលចុងក្រោយជ័យជំនះ បានទៅកីឡាករតៃវ៉ាន់  Sung Ming Yen ដែលឈ្នះដោយពិន្ទុជាឯកច្ឋន្ទតែម្ដង ដោយសារប្រកួត ៣ទឹកពេញកីឡាករ Sung Ming Yen មានប្រៀបជាង ជាពិសេស គឺនៅទឹកទី៣ ដែលកីឡាករជនជាតិ តៃវ៉ាន់រូបនេះ មានឱកាសចាប់ផ្ដួលកីឡាករ Radeem Rahman ហើយវាយយកពិន្ទុយ៉ាងងាយតែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh