(ភ្នំពេញ)៖ កីឡាករ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះ នៃក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការចែកអាវជម្រើសជាតិ១០០អាវ ដល់អ្នកគាំទ្រដោយឥតគិតថ្លៃ ចាប់ពីម៉ោង៣រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅស្ដង់លក់សម្ភារៈកីឡា FBT ក្នុងពិព័រណ៍ពាណិជ្ជកម្ម ថៃគុណភាពខ្ពស់ នៅមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ ។
គួរបញ្ជាក់ថា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃគុណភាពខ្ពស់ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៧ ខែកុម្ភនេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុនសម្ភារៈកីឡា FBT បានរៀបចំកម្មវិធីលក់សម្លៀកបំពាក់កីឡាបញ្ចុះតម្លៃយ៉ាងពិសេសពី ៣០% ទៅ ៧០% ក្នុងឱកាសនោះ ដោយផលិតផលទាំងអស់សុទ្ធតែនាំពីប្រទេសថៃ និងមានគុណខ្ពស់ ។
ជាមួយនឹងឱកាសដ៏ពិសេសនេះ NOCC បានរៀបចំកម្មវិធីអស្ចារ្យមួយ សម្រាប់ប្រជាពលរដ្ឋ យុវជន និងអ្នកគាំទ្រវិស័យកីឡាជាតិ ដើម្បីទទួលបានកាដូយ៉ាងពិសេសពីកីឡាករល្បីឈ្មោះ ២រូប គឺខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាក និងកីឡាករ ប្រាក់ មុន្នីឧត្តម ។ ជាក់នារសៀលនេះ ចាន់ វឌ្ឍនាកា នឹងចែកអាវជម្រើស ១០០អាវឲ្យអ្នកគាំទ្រដោយឥតគិតថ្លៃ ដោយគ្រាន់តែទទួលបានហត្ថលេខា ពីតារាបាល់ទាត់វ័យក្មេងរូបនេះ គ្រាដែល ប្រាក់ មុន្នីឧត្តម នឹងចែក ១០០អាវដូចគ្នា នៅថ្ងៃបន្ទាប់ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា FBT គឺជាក្រុមហ៊ុនឧបត្ថម្ភសម្ភារៈកីឡាដ៏ធំរបស់ NOCC ដើម្បីផ្ដល់សម្លៀកបំពាក់ដល់អត្តពលិកជម្រើសជាតិកម្ពុជា ចូលរួមប្រកួតលើឆាកអន្ដរជាតិនាពេលកន្លងមក ។ លើសពីនេះ FBT ក៏ជាដៃគូឧបត្ថម្ភធំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្លឹបបាល់ទាត់ធំៗមួយចំនួននៃលីកកំពូលកម្ពុជា ។ ដូច្នេះការរៀបចំពិធីតាំង ពិព័រណ៍នេះ NOCC គ្មានគោលដៅចង់បានប្រាក់ចំណេញអ្វីទេ ក្រៅពីចង់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីគុណភាពនៃផលិតផល ម៉ាក FBT ដែលតែងតែចូលរួមលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យរីកចម្រើន។
លោកបានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏ពិសេសនេះ សម្រាប់សម្លៀកបំពាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវលក់បញ្ចុះតម្លៃពី ១៨ដុល្លារ សល់ត្រឹម ៨ដុល្លារប៉ុណ្ណោះក្នុងមួយឈុត ហើយគ្រប់សម្ភារៈលក់បញ្ចុះតម្លៃ គឺសុទ្ធតែជាផលិតផលរបស់ FBT ដែលមាន គុណភាពល្អដូចៗគ្នា ។ នេះជាឱកាសដ៏ល្អ សម្រាប់អ្នកគាំទ្រកីឡាជាតិ ដែលនិយមប្រើប្រាស់សម្លៀកបំពាក់មានគុណភាពខ្ពស់ ដូចជា FBT ដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី