ព័ត៌មានអន្តរជាតិ ៖ មន្រ្តីជាន់ខ្ពស់ មកពីក្រសួងការពារជាតិ ផ្តល់ ជាកិច្ចសម្ភាស៍ អោយដឹងថា ក្រុម ឧទ្ទាម អាល់ កៃដា បានធ្វើការវាយប្រហារ ទៅលើពន្ធនាគារមួយកន្លែង ស្ថិត នៅក្នុងក្រុងមាត់សមុទ្រ ក្រុង Al Mukallah ប្រទេស យេម៉ែន នាព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍ ដោយបានរំដោះទណ្ឌិតហោចណាស់ ២៧០ នាក់ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ភាគច្រើននៃក្រុមទណ្ឌិត រត់គេចខ្លួនបានសំរេច នោះគឺមានទំនាក់ទំនងជាមួយនឹងក្រុមភារវករ អាល់ កៃដា ផ្ទាល់ តែម្តង ក្នុង នោះ ភារវករ ជាន់ខ្ពស់ Khaled Batarfi ជាមុខសញ្ញា អទិភាពក្នុងបញ្ជីស្បែកខ្មៅនោះ បានរត់ គេច ខ្លួន បានសម្រេចដូចគ្នាដែរ
បន្ថែមពីលើនេះ មន្រ្តីរដ្ឋាភិបាល បំភ្លឺបន្ថែមអោយដឹងថា ៖ អំឡុង ពេលមាន ការវាយប្រហារ នាព្រឹកព្រ លឹមថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ក្រុមវាយប្រហារ បានគ្រប់គ្រង សំណង់ អាគាររដ្ឋាភិបាល មួយចំនួន រួមមានដូចជា ៖ ពន្ធនាគារក្រុង Central Prison ធនាគារ កណ្តាល Central Bank និងស្ថានីយ៍ វិទ្យុ ជា ដើម ។ ភ្លាមៗ ខណៈមានការវាយលុក កងកម្លាំងរដ្ឋាភិបាល បានចេញបទអន្តរាគមន៍ប៉ុន្តែក្រុមឧទ្ទាម ខាងលើ បានរត់គេចខ្លួន ។ គួររំឭកថា កាល ពី អំឡុងខែ កន្លង ទៅ នេះ ក្រុមទណ្ឌិត ប្រមាណ ១០០ នាក់បានរត់គេចខ្លួន ចេញពីគុក Al Mansoorah Central Prison បានសម្រេចបន្ទាប់ពីមានការប៉ះទង្គិច រវាងក្រុមបះបោរ Shiite Houthi និង កងកម្លាំងស្មោះស្ម័គ្រ រដ្ឋាភិបាល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន