ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារ ជីកគាស់កកាយ កំពុងតែជីករយៈជម្រៅជ្រៅសមល្មមនៅពីក្រោមផ្សារ ទំនើបកណ្តាលក្រុង ទីក្រុង ប៉ារីស ប្រទេស បារាំង ដោយបានរកឃើញនូវ ចលាចលភាព មួយដ៏មិនគួរ អោយជឿនោះគឺ បានរកឃើញ គ្រោងឆ្អឹងខ្មោច ច្រើនដល់ទៅ ២០០ ឯណោះ ។
សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ី ចុះផ្សាយប៉ុន្មានម៉ោងមុននេះបន្តិចអោយដឹងថាហាងលក់គ្រឿងទេស មួយកន្លែងមានឈ្មោះថា Monoprix បានធ្វើការជួសជុលផ្នែកខ្លះ កាលពី អំឡុងខែ មករា ដើមឆ្នាំ ដើម្បី ធ្វើការកែលម្អសោភ័ណភាពហាង ក្នុងនោះ ក្រុមការជួសជុល បានធ្វើការជីកកាយកម្រាលឥដ្ឋ ក្រោមដី និងបានរកឃើញ គ្រោងឆ្អឹងតែម្តង ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ចំនុចនៃការរកឃើញឆ្អឹង ទាំងនេះ គឺជាអតីត តំបន់ឈាបនដ្ឋាន របស់មន្ទីរពេទ្យ Trinity ក្នុងនោះ ឈាបនដ្ឋាន មួយកន្លែងនេះ ដំណើរការចាប់តាំងពីសតវត្សទី ១២ ដល់សតវត្សទី ១៧ ។
ក្រុមអ្នកស្រាវជ្រាវ និងបុរាណវិទូ កំពុងតែធ្វើការវិភាគកាបោន និង ធ្វើ តេស្តន៍ DNA គោលបំណងព្យា យាមក្នុងការ កំណត់អោយបានថាតើមូលហេតុអ្វីបានជាពួកគេស្លាប់ ហើយស្លាប់ ពីពេលណា ជាដើម ក៏ប៉ុន្តែអ្វីដែលជាក់ច្បាស់នោះគឺថា សាកសពគ្រោងឆ្អឹងទាំងអស់នេះ គឺស្លាប់ក្នុង ពេលតែមួយ ពីព្រោះ បណ្តាសាកសពទាំងនេះ ត្រូវបានគេកប់ ដោយរៀបចំមានរបៀប នេះបើយោងតាម បុរាណវិទូ Isabelle Abadie ដឹកនាំ ការសិក្សាស្រាវជ្រាវ ។ "អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ សាកសពទាំងអស់ពុំត្រូវបាន គេរក្សាទុកនៅក្នុងមឈូស អោយបានត្រឹមត្រូវនោះទេ ប៉ុន្តែ ត្រូវបានគេយក មកកប់ ដោយរៀបចំយ៉ាង មានរបៀបនៅទីនេះទៅវិញ អោយសមល្មមទៅនឹងបរិវេណកប់ តួយ៉ាង មាន ជាការតម្រៀបសព ទាំង អស់មានតាំងពីក្មេងចាស់ ប្រុសស្រី ផ្តុំគ្នានៅកន្លែង តែមួយ ។
ភ្លាមៗ កាលបើរក របកគំហើញលើកនេះ គួរអោយភ្ញាក់ផ្អើលហើយនោះ ក្រុមការងារ បុរាណវិទូ បានធ្វើ ការសិក្សានិងស្រាវជ្រាវ រហូតរកឃើញ ផ្នូរ ៨ កន្លែងផ្សេងទៀត ក្នុងបរិវេណ ត្រឹម តែ ១០០ ម៉ែត្រការ៉េ ខណៈផ្នូរ ៧ កន្លែង ផ្ទុកសាកសពចន្លោះ ពី ៥ ទៅ ២០ សាកសពតែប៉ុណ្ណោះ ដោយឡែក ផ្នូរមួយកន្លែង ផ្ទុកសាកសព ដល់ទៅ ១៥០ សាកសព ។ ជាការគូសបញ្ជាក់អោយដឹង ពីសម្តីមន្រ្តីផ្លូវការ អោយដឹងថា សមាជិកក្រុមគ្រួសារទាំងអស់ ត្រូវបានគេកប់ផ្តុំគ្នានៅកន្លែងតែមួយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី