ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសដែលជាសិស្សសាលា ឈ្មោះ Josh Hassan វ័យ ១២ ឆ្នាំត្រូវ
បានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលគេមិនបានស្លាប់បាត់បង់
ជីវិត បន្ទាប់ពីឡើងទៅលើរបងបំណងទៅយកបាល់ត្រលប់មកវិញ តែសំណាងអាក្រក់អីបែរ
ជារអិល និងចុងចាក់ដោត ជាប់នឹងចម្រឹងដែកទៅក្នុងដើមទ្រូង ប៊ិះដោតចាក់ចំបេះដូង នេះ
បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ នៅទីក្រុង
ឡុងដ៍ ប្រទេសអង់គ្លេស ។ ភ្លាមៗនោះពិតជាបាន បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈ
ពេលដែលក្មេងប្រុសរូបនេះ បានស្រែកហៅជំនួយ។ ស្រ្តីជាម្តាយ វ័យ ៣០ ឆ្នាំឈ្មោះ Dawn
រួមទាំងអ្នកជិតខាងផ្សេងទៀត ក៏បានស្ទុះមកជួយគេ ខណៈពេលដែលមួយរំពេចក្រោយ
ក្រុមជួយសង្គ្រោះបានមកដល់។
បន្ទាប់ពីបើកយុទ្ធនាការ ក្នុងការវះកាត់អស់ជាច្រើនម៉ោង ពីសំណាក់ក្រុមវេជ្ជបណ្ឌិតមកពី
មន្ទីរពេទ្យ Royal Free Hospital ក្នុងទីក្រុងឡុងដ៍ ការវះកាត់មួយនេះ ពិតជាទទួលបាននូវ
ជោគជ័យជាស្ថាពរ ។ ដោយឡែក អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ក្មេងតូចរូបនេះ ត្រូវ
បានគេហៅថា ជាកូនទាហានតូច ខណៈពេលដែលគេមិនបានស្រែកយំអ្វីនោះទេ នៅពេល
ដែលកើតមានគ្រោះថ្នាក់មួយនោះ ផ្ទុយទៅវិញ ស្រ្តីជាម្តាយវ័យ ៣០ ឆ្នាំ បែរជាយកបំណែក
ចម្រឹងដែក ដែលបានមកពីការវះកាត់នោះ ទុកធ្វើជាអនុស្សាវរីយ៍ទៅវិញ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ