ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រី សិស្ស សាលា ៤ នាក់ ក្នុងចំណោមក្មេងស្រី សិស្សសាលា ជិតបីរយ នាក់ ដែលត្រូវបានក្រុមឧទ្ទាម Boko Haram ធ្វើការចាប់ជម្រិត កាលពី ប៉ុន្មានខែកន្លងទៅនេះពួក គេបានរត់រួចខ្លួនហើយ នេះបើតាមការអោយដឹងពី ភ្នាក់ងារ ព័ត៌មាន Reuters ក្រោយពីបានធ្វើ បទសម្ភាសន៍ តាមទូរស័ព្ទ ជាមួយនឹង មន្រ្តីអប់រំ រដ្ឋ Borno លោក Musa Inuwa ។
គាត់បានអះអាងអោយដឹងថា មកទល់នឹងពេលបច្ចុប្បន្នភាព ក្មេងស្រី ៤ នាក់ បានជួបជុំ ជាមួយ នឹងឪពុកម្តាយ គេវិញហើយ ក៏ប៉ុន្តែ គាត់បានធ្វើការបដិសេធ ទៅនឹងការលើកឡើង ស្តីពីព័ត៌មាន លម្អិត ថាតើ ក្មេងស្រីទាំង ៤ នាក់នោះ អាចរត់គេចខ្លួន បានយ៉ាងដូចម្តេច ។
កាលពីច័ន្ទ កន្លងទៅនេះ ប្រធានក្រសួង ការពារជាតិ ប្រទេស នីហ្សេរីយ៉ា លោក Air Marshal Alex Badeh បានធ្វើសេចក្តីប្រកាសព័ត៌មាន អោយដឹងថា តាមពិតទៅ កងកម្លាំងយោធា ពិតជា បានដឹងរួចមកហើយ ពីកន្លែង ដែលលាក់ខ្លួន បណ្តាក្មេងស្រី ជិត ៣០០ នាក់នោះ តែពុំទាន់មាន ការចាត់វិធានការណាមួយ ដោយប្រើកម្លាំង នោះទេ ពោល អាច នឹងធ្វើអោយ ក្មេងស្រីទាំងនោះ ស្លាប់បាត់បង់ជីវិតបាន ។
សេចក្តីរាយការណ៍ បញ្ជាក់ថា ក្មេងស្រីជាសិស្សសាលា ២៧៦ នាក់ ត្រូវបានក្រុមឧទ្ទាមខាងលើ ធ្វើការចាប់ជម្រិត ចេញពី អនុវិទ្យាល័យមួយកន្លែង ពីក្នុងភូមិ Chibok រដ្ឋ Borno កាលពីអំឡុងខែ មេសា កន្លងទៅ ដោយនៅក្នុងនោះ ក្មេងស្រី ជាង ៥៣ នាក់ បានរត់គេចខ្លួនបានដោយសុវត្ថិភាព ខណៈច្រើនជាង ១២០ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ