CamNews

ជីវិត និងការងារ 

សេវាកម្មជួលសង្សារ តម្លៃ ៣ដុល្លារក្នុងមួយថ្ងៃ កំពុងផ្ទុះឡើង នៅចិន

ដោយចំណាយត្រឹមតែ ៣ដុល្លារអាមេរិក បណ្ដាបុរសចិនដែលមិនទាន់មានគូស្នេហ៍ ឬនារីដែល
ទើបតែបែកបាក់ស្នេហា នឹងអាចរកបានមនុស្សមកជជែកគ្នា តាមរយៈផ្ញើសារជាអក្សរ  ឬសារ
ជាសម្លេង។

Sun Liang អាយុ ២២ឆ្នាំ នៅក្រុង Shenzhen ប្រទេសចិន ទើបតែបានបញ្ចប់ការសិក្សានៅមហា
វិទ្យាល័យ បានចាប់ផ្ដើមជីវភាពថ្មីរបស់ខ្លួន។ ប៉ុន្ដែ ដោយសារទើបជាពីជម្ងឺ Sun Liang នៅផ្ទះម្នាក់
ឯង ដោយការមិនសប្បាយចិត្ត ដូច្នេះ Sun Liang ពិតជាត្រូវការមនុស្សផ្ទុយភេទម្នាក់ មកជជែកគ្នា
លេង។

ចូលអ៊ីនធឺរណែត បុរសនេះ បានប្រទះឃើញសេវាកម្មមួយដែលត្រូវនឹងចិត្តរបស់ខ្លួន នោះគឺសេវា
កម្មឱ្យជួលមិត្ត សម្រាប់ជជែកកំសាន្ដ នៅលើទំព័រ Taobao ។ គេហទំព័រ Taobao មានផ្ដល់សេវា
កម្ម ឱ្យជួលទាំងមិត្តប្រុស ទាំងមិត្តស្រី ដោយតម្លៃ ជាង ៣ដុល្លារអាមេរិក រយៈពេល ២៤ម៉ោង។

Sun Liang បានប្រាប់អ្នកសារព័ត៌មាន SCMP ថា ៖ “ខ្ញុំប្រើប្រាស់សេវាកម្មនេះ គឺដើម្បីបំបាត់ភាព
ឯកោ”។

គួររំលឹកថា កាលពីខែមុន សេវាកម្មមិត្តប្រុស មិត្តស្រី ដែលជជែកគ្នាតាមអ៊ីនធឺរណែត បានចាប់
ផ្ដើមបង្ហាញខ្លួន នៅលើទំព័រ Taobao របស់ចិន។ ដោយចំណាយតែ ជាង ៣ដុល្លារ អ្នកអាចជួល
មនុស្សម្នាក់ ដើម្បីជជែកកំសាន្ដក្នុងរយៈពេលមួយថ្ងៃ។ អ្នកដែលត្រូវបានជួល គឺមានតួនាទីស្ដាប់
អ្នក និងលើកទឹកចិត្តអ្នក តាមរយៈការផ្ញើសារជាសម្លេង ឬជាអក្សរ ដោយប្រើកម្មវិធី Wechat ឬ
QQ ។

សេវាកម្មខាងលើនេះ ត្រូវបានគេដឹងថា កំពុងតែផ្ទុះឡើង នៅប្រទេសចិន។ យោងតាមការស្រាវ
ជ្រាវរបស់ Taobao ឱ្យដឹងថា បច្ចុប្បន្ន មានក្រុមហ៊ុនបណ្ដាទូរស័ព្ទជាង ២.២០០ កំពុងតែផ្គត់ផ្គង់
សេវាកម្មដូចខាងលើ ក្នុងនោះមាន Qiqijia ផងដែរ។

ម្ចាស់របស់ Qiqijia អ្នកស្រី Cui ឱ្យដឹងថា អ្នកស្រីទទួលបានការបញ្ជាទិញសេវាកម្មនេះ ប្រហែល
ពី៣០ ទៅ ៤០នាក់ ក្នុងមួយថ្ងៃៗ ហើយតម្រូវការនេះ កំពុងតែកើនឡើង។ អ្នកស្រី Cui បានជួល
បុគ្គលិកចំនយន ៣០នាក់ ឱ្យមកធ្វើការជាអ្នកផ្ដល់សេវាកម្មខាងលើ ហើយភាគច្រើន ពួកគេជា
នារីវ័យក្មេង កំពុងសិក្សានៅមហាវិទ្យាល័យ ឬអ្នកធ្វើការនៅការិយាល័យ ដែលស្ម័គ្រចិត្តរកប្រាក់
ក្រៅម៉ោង។

អ្នកស្រី Cui បន្ដថា បុគ្គលិករបស់ខ្លួន តែងតែជជែកលេងជាមួយភ្ញៀវ ដោយភាពស្និទ្ធស្នាល ក្នុង
នាមជាមិត្តប្រុស ឬមិត្តស្រី និងចំណាយពេលច្រើន ដើម្បីស្ដាប់ការរៀបរាប់របស់ភ្ញៀវ។

គួរបញ្ជាក់ថា អ្នកស្រី Cui ធ្លាប់ជាអ្នកលក់រាយនូវឧបករណ៍សម្រាប់លំអសម្លៀកបំពាក់ និងរាង
កាយ ប៉ុន្ដែ ដោយសារមុខជំនួញនេះ ជួបការលំបាក អ្នកស្រីក៏ងាកមកបង្កើតសេវាកម្មមិត្តប្រុស
និងមិត្តស្រី តាមរយៈអ៊ីនធឺរណែត។ អ្នកស្រីយល់ថា បច្ចុប្បន្នការងារមមាញឹក បានធ្វើឱ្យគូស្នេហា
ភាគច្រើន មិនមានពេលគ្រប់គ្រាន់សម្រាប់នៅក្បែរគ្នា ហើយពួកគេអាចនឹងមានរឿងជាច្រើន
ពិបាកនិយាយជាមួយនឹងគ្នា ឬនិយាយប្រាប់មិត្តភ័ក្ដិធម្មតា ដូច្នេះ សេវាកម្មនេះ ពិតជាល្អសម្រាប់
ពួកគេ។

អ្នកស្រីម្ចាស់សេវាកម្មនេះ អះអាងថា រាល់ការជជែកគ្នា រវាងបុគ្គលិក Qiqijia និងអតិថិជន ត្រូវ
បានគេរក្សាការសម្ងាត់។ Qiqijia មិនមានផ្ដល់សេវាកម្មជជែកមានរូបភាព ឬមានវីដេអូនោះទេ។
បុគ្គលិកនៅ Qiqijia នឹងមិនប្រាប់ភ្ញៀវ អំពីអត្តសញ្ញាណរបស់ខ្លួន ហើយក៏មិនសួរនាំភ្ញៀវអំពីប្រការ
នេះ។ ភ្ញៀវរបស់ របស់ខ្លួន ភាគច្រើន ជាអ្នកដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និង
មានអាយុ ចាប់ពី ២០ ដល់ ២៧ឆ្នាំ ហើយជាអ្នកដែលមិនទាន់រកបានគូស្នេហា។

ក្រៅពីបុរស ភ្ញៀវរបស់ Qiqijia ក៏មានស្ដ្រីភេទផងដែរ ប៉ុន្ដែ មានចំនួនតិចជាងភ្ញៀវជាបុរសភេទ។
នៅ Qiqijia ភ្ញៀវអាចជ្រើសរើសមនុស្សម្នាក់ តាមរយៈលក្ខខណ្ឌមួយចំនួន ដូចជាបុរស ចង់បាន
នារីម្នាក់ ដែលមានសម្លេងផ្អែមល្ហែម និងចេះនិយាយច្រើន ប៉ុន្ដែ ក៏មានបុរសជាច្រើន បែរជាស្វែង
រកនារីដែលមានសម្លេងបែបទាក់ទាញ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SCMP


Tags: Sun Liang China Taobao Qiqijia