ព័តមានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ដែល ពិភពលោក ស្គាល់យ៉ាងច្បាស់ថា ជា ក្រុម ISIS នោះ បានកំទេចប្រាសាទបុរាណទៀតហើយ នៅឯទីក្រុងបុរាណ Palmyra ភាគ ខាងជើងប្រទេសស៊ីរី នេះបើយោងតាមការគូសបញ្ជាក់ ពី សំណាក់ សារព័ត៌មាន ក៏ដូចជា មន្រ្តី ក្នុងស្រុក ប្រទេសស៊ីរី ។
សកម្មជនមកពីទីក្រុង Palmyra ផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន AFP អោយដឹង ថា ប្រាសាទបុរាណ The Arch of Triumph រងនូវការកំទេចចោល ដោយក្រុមឧទ្ទាម ISIS បន្ទាប់ ពីក្រុមឈ្លើងសង្គ្រាមមួយនេះ វាយដណ្តើមនិងគ្រប់គ្រងបានទីក្រុង Palmyra កាលពីពេលកន្លង ទៅ ។ របាយការណ៍ លើកឡើងអោយដឹងថា The Arch of Triumph គឺជាប្រាសាទបុរាណដែល មានអាយុកាលប្រមាណជាង ២០០០ ឆ្នាំ ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល ប៊ីប៊ីស៊ី បន្ត លើកឡើងអោយដឹងថា ច្រើនជាងការ វាយកំទេច អោយដួលនឹងដី សំណង់ប្រាសាទបុរាណខាងលើ ក្រុម ISIS កាលពីពេលកន្លងមក នោះធ្លាប់បានវាយកំទេចប្រាសាទ បុរាណ ២ ប្រាសាទរួចទៅហើយ នៅ ទីក្រុងបុរាណខាងលើ ខណៈប្រាសាទបុរាណទាំង ២ នោះ សុទ្ធសឹងជាសម្បត្តិ បេតិកភណ្ឌពិភពលោក នៃអង្គការ យូ ណេស្កូ ។
សកម្មជន មកពីទីក្រុងបុរាណ Palmyra ព្រឹកថ្ងៃច័ន្ទនេះ ស្រាយ បំភ្លឺដល់សារព័ត៌មាន AFP ឲ្យ អោយដឹងថា ប្រាសាទបុរាណ The Arch of Triumph ត្រូវបាន កំទេចចោល ពោល ពួក ISIS ជា អ្នកកំទេចដោយផ្ទាល់ដៃ ។ ក្រុមសកម្មជន ដែលឃ្លាំមើល ការប៉ះទង្គិច មកពីអង្គការឃ្លាំមើល សិទ្ធមនុស្ស មានមូលដ្ឋាន ក្នុងទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស អោយដឹងថា អាជ្ញាធរ ក្នុងស្រុក ក៏មានការគូសបញ្ជាក់អោយដឹង ថាមាន ការវាយប្រហារ កំទេច ប្រាសាទបុរាណដូចគ្នាដែរ ។ ប្រធាននាយកដ្ឋាន វត្ថុ បុរាណ ស៊ីរី លោក Maamoun Abdulkarim ក៏បានស្រាយបំភ្លឺថា ពិតជា មានការវាយប្រហារ កំទេចប្រាសាទ បុរណខាងលើ ពី ISIS ពិតប្រាកដមែន "ពួក ISIS នៅបន្ត គ្រប់គ្រងបាន ទីក្រុងបុរាណ Palmyra នៅឡើយ ដូច្នេះ ទីក្រុងមួយនេះ ប្រឈមនឹងវិនាសកម្ម ដ៏ ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាន " ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី