CamNews

យល់ដឹង 

អស់កង្វល់រឿងមុនក្បាលខ្មៅ ដោយវិធីធម្មជាតិទាំងនេះ

មុនក្បាលខ្មៅកើតឡើងដោយសារកោសិកាស្បែកខូច និងធូលីដី ដែលធ្វើឱ្យស្ទះរន្ធញើស។​ វាជាប្រភេទមុន ដែលមិនអាចមើលឃើញពីចម្ងាយ។​ ប៉ុន្ដែអ្វីដែលជាបញ្ហានោះ គឺការឈឺចាប់ ដែលកើតមាន ព្រមទាំងការចំណាយប្រាក់ច្រើនលើផលិតផលថែសម្ផស្ស ដើម្បីជម្រុះចោលមុនទាំងនេះ។ ប៉ុន្ដែកុំបារម្ភអី អ្នកអាចចម្ចាត់នូវមុនក្បាលខ្មៅនេះ ដោយប្រើជំនួយពីរូបមន្ដធម្មជាតិមួយចំនួន ដូចខាងក្រោមនេះ៖    

១. ម្សៅមេនំបុ័ង(Baking Soda)

ធាតុផ្សំមួយប្រភេទនេះ មានប្រសិទ្ធភាពបំបាត់នូវមុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចធ្វើជាម្សៅខាត់ស្បែកមុខបែបធម្មជាតិ នៅឯផ្ទះដើម្បីបំបាត់កោសិកាស្បែកខូច និងធូលីដី  ដែលបណ្ដាលឱ្យកើតមុនក្បាលខ្មៅទាំងនេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវយកម្សៅមេនំបុ័ងមួយស្លាបព្រាបាយ និងដាក់ទឹកចូលបន្ដិចដើម្បីបង្កើតបានជាល្បាយខាប់។  លាបវា នៅលើមុនក្បាលខ្មៅរបស់អ្នក និងទុកវារហូតដល់វាស្ងួត បន្ទាប់មកត្រូវលាងសម្អាតដោយទឹកក្តៅឧណ្ហៗ។ ត្រូវអនុវត្ដបែបនេះ ឱ្យបានពីរដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

២. តែបៃតង

តែបៃតង មានប្រសិទ្ធភាពចំពោះស្បែកខ្លាញ់  និងប្រភេទស្បែក ដែលងាយនឹងកើតមុន។ វាអាចការពារស្បែករបស់អ្នកពីការខូច នាពេលអនាគត។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវដាំទឹកមួយពែង និងដាក់ត្រាំតែ ២ កញ្ចប់ឱ្យបានរយៈពេល ១ ម៉ោង បន្ទាប់មកត្រូវដកកញ្ចប់តែចេញ ហើយលាបវាទៅលើមុនក្បាលខ្មៅ។ លាងសម្អាតតវា ដោយទឹកត្រជាក់ និងលាបក្រែមផ្ដល់សំណើម។ អនុវត្ដវិធីបែបនេះ ម្តងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលល្អប្រសើរ។


៣. ស៊ុតចំណែកស

ស៊ុតចំណែកស មានប្រសិទ្ធភាពការពារស្បែករបស់អ្នក ពីការយារធ្លាក់។ មិនតែប៉ុណ្ណោះ វាជួយរឹតបន្តឹងស្បែករបស់អ្នកឱ្យតឹងណែន និងបំបាត់មុនក្បាលខ្មៅផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវផ្សំស៊ុតពណ៌សមួយគ្រាប់ ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាបាយ។ លាយសមាសធាតុទាំងពីរយ៉ាងនេះ ឱ្យចូលគ្នាល្អ ហើយលាបវានៅលើមុខរបស់អ្នក។ ទុកឱ្យវាស្ងួត ហើយលាងសម្អាតវាចោល។ សូមអនុវត្ដបែបនេះ ឱ្យបានពីរដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ndtv


Tags: Knowledge