គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមគ្រួសារមួយ មានសមាជិក សរុប ដល់ទៅ ៧ នាក់ ក្នុងនោះមាន បុរសជាឪពុក ស្រ្តីជាម្តាយ កូនៗ ៣ នាក់ ក៏ដូចជា បងស្រីថ្លៃ ប្អូនប្រុសថ្លៃ ២ នាក់ទៀត ទាំងអស់គ្នាបាន ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះថ្នាក់មួយ ដ៏គួរអោយរន្ធត់ និង សង្វេគជាទីបំផុត ។
របាយការណ៍ បញ្ជាក់បានអោយដឹងថា សមាជិកក្រុមគ្រួសារ ៦ នាក់ បានប្រទាក់ដៃគ្នាគោលបំណងជួយ សមាជិកគ្រួសារទី ៧ ជាក្មេងស្រីជំទង់ ដែលកំពុងតែលង់ទឹក តែគ្រោះអកុសល ក៏បានកើត មាន ឡើង ពោល ការជួយសង្គ្រោះរបស់ពូកគេបរាជ័យ និងបានលង់ទឹកស្លាប់ទាំងអស់គ្នាតែម្តង ។
គ្រោះអកុសល ដ៏កម្រមួយនេះ អាចកើតឡើងទៅបាន នៅពេលដែលក្រុមគ្រួសារខាង លើ បានទៅសែន ផ្នូរជីដូនជីតានៅឯឈាបនដ្ឋានមួយកន្លែងក្នុងក្រុងសង្កាត់Chaoyang ទីក្រុង Shantou ខេត្ត Guangdong នាភាគខាងត្បូង ប្រទេសចិន ។
វានាទីនោះ កូនស្រីជំទង់ម្នាក់ មានវ័យ ១៧ ឆ្នាំ នាង Wu Sung បានសម្រេចចិត្តចុះ ទៅក្នុងអាងស្តុកទឹក មួយកន្លែង ដែលមានទីតាំងនៅជិតនឹង ឈាបនដ្ឋាន គោលបំណង ធ្វើការលាងដៃ ប៉ុន្តែ បានរអិលធ្លាក់ ចូលទៅក្នុងអាងស្តុកទឹកនោះតែម្តង ។ ភ្លាមៗ ខណៈ សមាជិក គ្រួសារ ៦ នាក់ផ្សេងទៀត ពុំមាននរណា ម្នាក់ចេះហែលទឹកនោះ ពួកគេក៏សម្រេចចិត្ត ទាក់ដៃគ្នា ជួយសង្គ្រោះនាង Wu Sung តែដឹងអីថា ស្ថាន ភាពកាន់តែអាក្រក់ ៦ នាក់ផ្សេងទៀត កំពុងជួយ សង្គ្រោះនោះ បែរជារអិល និងធ្លាក់ចូល អាងស្តុកទឹក មួយកន្លែងនោះតែម្តង ។
ជាលទ្ធផល បើទោះជាមានកិច្ចខិតខំប្រឹងប្រែង ចុះអន្តរាគមន៍ ពីសំណាក់ មន្រ្តីពាក់ព័ន្ធយ៉ាងណាក៏ដោយ ចុះ ក៏ពួកគេបានត្រឹមតែស្រង់សាកសព សមាជិកគ្រួសារទាំង ៧ នាក់នោះតែប៉ុណ្ណោះ ។
ក្រុមការងារ ចុះទៅដល់កន្លែងកើតហេតុទៅបាន បន្ទាប់ពី ទទួល បានទូរស័ព្ទប្តឹង ពីសំណាក់ ពលរដ្ឋរស់ នៅក្បែរកន្លែងកើតហេតុ បានឃើញហេតុការណ៍ ខាងលើ ។ ពលរដ្ឋរស់នៅតំបន់នេះ ផ្នែកម្ខាងនៃអាង ស្តុកទឹក ចង់ចុះជួយដែរ ប៉ុន្តែនៅពេលដែល ចុះជួយនោះ ពួកគេជនរងគ្រោះទាំងអស់ បានលិចបាត់នៅ ក្នុងអាងស្តុកបាត់ទៅហើយ ។
ក្រុមមន្រ្តីពាក់ព័ន្ធ ទទូលបន្ទុកគាំពារ ភូមិស្រុកខាងលើ បានអំពាវនាវអោយមានការស៊ើបអង្កេត ទាក់ទិន នឹងករណីគ្រោះថ្នាក់ស្លាប់មនុស្ស មួយគ្រួសារបែបនេះ ក្នុងន័យ ធានាអោយបានថានឹងការពារអោយបាន កុំអោយមានករណីគ្រោះថ្នាក់បែបនេះ តទៅទៀត ។
គួររំឮកថា ក្រុមគ្រួសារខាងលើ បានបង្ហាញវត្តមាន នៅផ្នូរមួយកន្លែង ជិតអាងស្តុកទឹក ទីកន្លែងកើតហេតុ ក្នុងការឱកាស ថ្ងៃបុណ្យ ឆេងម៉េង ( សែនផ្នូរ ឬ Tomb-Sweeping Day) ដែលជាកម្មវិធីបុណ្យរបស់បង ប្អូនប្រពៃណីចិន តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងគោរពវិញ្ញាណក្ខ័ន្ធបុព្វបុរសប្រចាំគ្រួសារ របស់ពួកគេ ដោយធ្វើការសែន និងបន់ស្រន់ នៅចំពោះមុខផ្នូរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ