ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាម Al Shabaab បានអះអាងទទួលខុសត្រូវ ថាខ្លួន គឺជាអ្នកវាយប្រហារ ទៅលើ បណ្តាសណ្ឋាគារ និង បារ ជាច្រើន កន្លែង នៅក្នុងប្រទេស កេនយ៉ា ដោយនៅក្នុងនោះ បាន សម្លាប់មនុស្សដល់ទៅ ៤៨ នាក់ នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយញូវ ។
ក្រសួងមហាផ្ទៃ ប្រទេសកេនយ៉ា បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា ក្រុមខ្មាន់កាំភ្លើង បាន សម្រុកចូលទៅក្នុងក្រុង Mpeketoni ភាគខាងកើតប្រទេស តាមរយៈ រថយន្តប៊ើសធន់តូចមួយគ្រឿង រួចបើកការវាយប្រហារ បាញ់គ្រាប់ពិត សម្លាប់មនុស្ស រង្គាល នៅក្នុងក្រុង ផ្ទាល់តែម្តង ។ ក្រុមអ្នកគាំ ទ្រនិងកំពុងតែទស្សនា កម្មវិធីប្រកួតបាល់ទាត់ ពិភពលោក World Cup គឺជាគោលដៅ វាយប្រហារ របស់ពួកគេ ខណៈ សណ្ឋាគារ ៣ កន្លែង បារជាច្រើន កន្លែង និង ស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួនទៀត ក៏រងនូវការខូចខាត ដូចគ្នាដែរ ។
សេចក្តីថ្លែងការណ៍ ពីក្រុមឧទ្ទាមបះបោរ អាល់កៃដា អោយឈ្មោះថា Al Shabaab បានគូសបញ្ជាក់ អោយដឹងថា ការវាយប្រហារលើកនេះ គឺជាការសងសឹក ទៅនឹង រដ្ឋាភិបាល ប្រទេសនេះ ខណៈមាន ការគៀបសង្កត់ ឃោរឃៅ បំផុត ចំពោះ ក្រុមសាសនា ម៉ូស្លឹម ។ បន្ថែមពីលើនេះ ក្រុមឧទ្ទាម បាន ព្រ មានដល់បណ្តាជនបរទេស អោយដឹងថា បើសិនណា ចង់សុខខ្លួន គួរណា នៅអោយឆ្ងាយ ពីប្រទេស កេនយ៉ា ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ការវាយប្រហារ សម្លាប់រង្គាលលើកនេះ បានកើតឡើង កាលពី យប់ថ្ងៃអាទិត្យ ម៉ោង ៨ យប់ ដោយនៅក្នុងនោះ មានការបាញ់បោះ វាយប្រហារ ដល់ ទៅ ៤ ម៉ោង ពេញ ។ ក្រុមវាយប្រហារ ពួកគេ ពិតជាមានគ្នាច្រើនណាស់ ហើយសឹងតែគ្រប់ដៃ ប្រដាប់ទៅដោយ អាវុធ នេះបើយោងតាមសម្តី លោក Meshack Kimani ជាសាក្សី ឃើញហេតុការណ៍ ផ្ទាល់ភ្នែកផ្តល់ជា កិច្ចសម្ភាន៍ ដល់ភ្នាក់ងារ Reuters ។ ពួកគេបានសម្រុកចូល សាលបញ្ជាំង កម្មវិធីប្រកួតបាល់ទាត់ ពិ ភពលោក រួចបើកការវាយប្រហារ មួួយរំពេចតែម្តង ។ ពួកគេបាញ់បោះ សំដៅតែទៅលើ ក្រុមបុរស ខណៈ ខ្ញុំបាទ ពិតជាសំណាងល្អ រួចផុតពីសេចក្តីស្លាប់ ដោយភៀសខ្លួន ទាន់ពេល ទៅសម្ងំលាក់ខ្លួន ទៅពួន នៅពីក្រោយទ្វារ ។ ស្របពេលដែល សាក្សី ម្នាក់ផ្សេងទៀត បញ្ជាក់ថា ក្រុមវាយប្រហារសំដៅ តែទៅលើ ក្រុមមនុស្ស ដែលមិនមែនជាអ្នកកាន់សាសនា ម៉ូស្លឹម និង មិននិយាយភាសា ប្រទេស សូ ម៉ាលី៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ