CamNews

យល់ដឹង 

ហូបស្រាមុខឡើងក្រហម គួរតែប្រយ័ត្ន អំពីសម្ពាធឈាម

មុខឡើងក្រហមនៅពេលញ៉ាំស្រា ឬស្រាបៀរ គឺជាប្រតិកម្មមួយដែលកើតមាននៅលើមនុស្ស
ជាច្រើន ប៉ុន្ដែយោងតាមក្រុមអ្នកឯកទេសមកពីសកលវិទ្យាល័យជាតិ  Chungnam របស់កូរ៉េខាង
ត្បូង រកឃើញថា វាអាចជាសញ្ញាព្រមានអំពីហានិភ័យនៃការរីកចម្រើនរបស់ជម្ងឺសម្ពាធឈាម
ខ្ពស់។


 
រូប ៖ Livescience


ក្រុមអ្នកស្រាវជ្រាវ បានពិសោធអំពីហានិភ័យនៃជម្ងឺសម្ពាធឈាមខ្ពស់ នៅលើបុរសជនជាតិកូរ៉េ
ខាងត្បូង ចំនួន១,៧៦៣នាក់ ក្នុងនោះ មាន ៥២៧នាក់ ជាមនុស្សតែងតែក្រហមមុខនៅពេលញ៉ាំ
ស្រា និង ៩៤៨នាក់ មិនមានប្ដូរពណ៌មុខ និង ២៨៨នាក់ មិនប្រើស្រា បៀរ។ លទ្ធផលបានបង្ហាញ
ថា បណ្ដាមនុស្សដែលក្រហមមុខ ញ៉ាំស្រា ៤កែវ/សប្ដាហ៍ គឺប្រឈមនឹងការឡើងសម្ពាធឈាម
ច្រើនជាងពីរដង ធៀបនឹងមនុស្សដែលមិនញ៉ាំស្រា ខណៈដែលហានិភ័យនេះ កើតឡើងចំពោះ
មនុស្សមិនក្រហមមុខ នៅពេលពួកគេញ៉ាំស្រាច្រើនជាង ៨កែវ/សប្ដាហ៍ ។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា មូលហេតុដែលនាំឱ្យសម្ពាធឈាមឡើងខ្ពស់ ទាក់ទិនទៅ​នឹងជាតិ
អាកុល និងការប្រែប្រួលនៃទឹកមុខ អាចបណ្ដាលមកពីការប្រមូលផ្ដុំនៃសារធាតុ Acetaldehyd
ដែលជាជាតិពុលបង្កើតឡើងដោយស្រា នៅពេលវាត្រូវបានដុតបំផ្លាញក្នុងថ្លើម។ ផលអាក្រក់
របស់ Acetaldehyd គឺអាចបណ្ដាលឱ្យសរសៃឈាមក្រោមស្បែកត្រូវយារ ធ្វើឱ្យចរន្ធឈាមដែល
ហូរទៅកាន់បេះដូងថយចុះ ដូច្នេះរាងកាយត្រូវតែប្រឹង “ប៉ះប៉ូវ” ឈាមដែលខ្វះនោះ ដោយការ
បញ្ចេញអ័រម៉ូននានា នាំឱ្យសម្ពាធឈាមឡើង។

ជាមួយនឹងការរកឃើញខាងលើនេះ ក្រុមអ្នកស្រាវជ្រាវព្រមានដល់បណ្ដាមនុស្សដែលតែងមាន
មុខឡើង​ក្រហមនៅពេលញ៉ាំស្រា គួរតែប្រុងប្រយ័ត្ន និងកាត់បន្ថយការញ៉ាំស្រា មុនពេលវាក្លាយ
ជាជម្ងឺ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Livescience