ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី SIA បានអះអាងអោយដឹងថា យន្តហោះ របស់ ខ្លួនបានបើកទៅបុកនឹង ជណ្តើរអាកាស ដែលគេអោយឈ្មោះថា aerobridge ( ជាប្រភេទជណ្តើរ មានការតភ្ជាប់ ពីតួយន្តហោះ ទៅនឹងច្រកចេញពី អាកាសយានដ្ឋាន) នៅឯអាកាសយានដ្ឋានអន្តរ ជាតិ ក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ ។
អ្នកនាំពាក្យ អោយក្រុមហ៊ុន អាកាសចរណ៍ សឹង្ហបុរី SIA បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌មាន Channel NewsAsia អោយដឹងថា យន្តហោះខាងលើ មានជើងហោះហើរ SQ231 ជា ប្រភេទយន្តហោះ Airbus A380 បានហោះចេញពីប្រទេស សឹង្ហបុរី ឆ្ពោះទៅក្រុង ស៊ីដនីដោយគ្រោង ទៅដល់នៅវេលាម៉ោង ១០ និង ២៥ នាទី ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។
សេចក្តីរាយការណ៍បញ្ជាក់បានអោយដឹងថា ក្នុងចំណោមក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរ ដល់ ទៅ ២៨៥ នាក់ រួមនឹង បុគ្គលិក ២៦ នាក់ ពួកគេទាំងអស់គ្នា ពុំមាននរណាម្នាក់ ទទួលរងរបួសនោះ ទេ ស្របពេលដែលជើងហោះហើរ ក្នុងគោលដៅ ដូចគ្នា របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវ បានលុបចោល ។
គួរបញ្ជាក់ថា អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានធ្វើការបដិសេធ ក្នុងការអធិប្បាយ ស្តីពី លក្ខខ័ណ្ឌអាកាសធាតុ អំឡុងពេលមានគ្រោះថ្នាក់ ដោយនៅក្នុងនោះការតាមដានស៊ើបអង្កេត នៅតែបន្តមាននៅឡើយ ។ គួររំឮកថា កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅ យន្តហោះ មួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានបើករេ ធ្លាក់ផ្លូវរថ អំឡុងពេល ដែលមានការចុះចត នៅឯអា កាសយានដ្ឋាន អន្តរជាតិ Yangon International Airport ប្រទេស មីយ៉ាន់ម៉ា ។ គ្មានសេចក្តីរាយកា រណ៍ថាមាននរណាម្នាក់ រងរបួសនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia