ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ៥០ នាក់ត្រូវបានគេដឹងថា បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត អំឡុង ពេលដែលមានកម្មវិធី ប្រកួតកីឡាពេញនិយម ប្រកួតបាល់ទះ ។ យោងតាមសេចក្តីរាយការណ៍ ពីទំព័របរទេស អឺរ៉ូញូវអោយ ដឹងថា ការវាយប្រហារលើកនេះ គឺជាការវាយប្រហារអត្តឃាតអាក្រក់បំផុត ប្រចាំឆ្នាំ នៅក្នុងប្រទេស អា ហ្វហ្គានីស្ថាន ។ ដោយឡែក ជនរងគ្រោះភាគច្រើនត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យក្នុង ស្រុក នាទីក្រុង កាប៊ុល ។
Abdul Rahman ជនរងគ្រោះម្នាក់ ដែលមានឱកាសនៅ បន្តរស់រានមានជីវិតនោះ បាន អះអាងបញ្ជាក់ អោយដឹងថា ៖ វិនាទីនោះ ខណៈកម្មវិធីប្រកួតបាល់ទះ កំពុង តែចាប់ផ្តើម ក៏មានករណី បំផ្ទុះគ្រាប់បែក អត្តឃាតមួយនេះកើតឡើងតែម្តង ក្នុងនោះ បានបណ្តាលអោយសាកសពមនុស្ស និង ជនរងគ្រោះមាន នៅគ្រប់ទីកន្លែង ក្រោយពីបានសម្លាប់មនុស្ស ហោចណាស់ ៥០ នាក់ ។ បងប្អូនជីដូនមួយរបស់ខ្ញុំបាទ ដល់ទៅ ៣ រូបបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ ដ៏អាក្រក់លើកនេះ ស្របពេលដែលបងប្អូនប្រុស ខ្ញុំបាទ និងជីដូនមួយ ៣ នាក់ទៀត រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ។
គួរបញ្ជាក់ថា ហេតុការណ៍វាយប្រហារដ៏សាហាវលើកនេះ បានកើតឡើងនៅឯភាគខាងកើតខេត្ត Pakti- ka ជាប់ព្រំប្រទល់ដែនប្រទេសប៉ាគីស្ថាន ពោលធ្វើការវាយប្រហារទៅលើកម្មវិធីប្រកួត ថ្ងៃបញ្ជប់ ថ្ងៃទី៣ ខណៈមានវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ជនដៃដល់ដែលបានបំផ្ទុះគ្រាប់បែកអត្តឃាតនេះឡើង គោលបំណងធំ ទំនងចង់វាយប្រហារអោយចំកណ្តាលកម្មវិធី ដើម្បីធានាអោយបានថា មានអ្នកស្លាប់ ឬ អ្នករបួសច្រើន ។
របាយការណ៍ អោយដឹងថា ខេត្ត Paktika គឺជាតំបន់ដែលទទួលរងនូវការវាយប្រហារអាក្រក់បំផុតពោល ជាទីតាំងដែលក្រុមឧទ្ទាមតាលីបង់ និងក្រុមបះបោរ Haqqani មានការតស៊ូក្នុងការធ្វើសង្គ្រាមប្រឆាំងទៅ នឹងរដ្ឋាភិបាលទីក្រុង កាប៊ុល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ