ព័ត៌មានកីឡា៖ ក្រោយលទ្ធផលនៃកិច្ចប្រជុំធំរបស់ សម្ពន្ធកីឡាបាល់ទាត់ អាមេរិកខាងត្បូងសម្រេច កីឡាករខ្សែប្រយុទ្ធជម្រើសជាតិ Brazil បានត្រូវពិន័យ ដកបេក្ខភាពចេញពីការប្រកួត ក្នុងព្រឹត្ដិការណ៍ Copa America ទាំងស្រុងចំនួន ៤ ការប្រកួត ហើយកីឡាករ Colombia ក៏ត្រូវពិន័យដកបេក្ខភាព ២ការប្រកួតផងដែរ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona ទៅបំពេញកាតព្វកិច្ចជម្រើសជាតិ Brazil ក្នុងព្រឹត្ដិការណ៍ Copa America បានត្រូវគណៈគ្រប់គ្រងនៅទីនោះ ដកសិទ្ធចូលរួមប្រកួតទាំងស្រុង ខណៈដែលកីឡាករបានមានចេតនាបង្កបញ្ហាជាមួយ កីឡាករ Colombia។ Neymar ត្រូវអាជ្ញាកណ្ដាលសម្រេច ពិន័យកាតការក្រហម ក្រោយពីកីឡាករបានទាត់បាល់ចំកីឡាករ Pablo Armero ទាំងកំហឹង ព្រោះក្រុម ជម្រើសជាតិ របស់ខ្លួន បានចាញ់ Colombia ១-០ ចប់ការប្រកួត។ សេចក្ដីសម្រេចបណ្ដោះអាសន្នលើកទី១ កីឡាករ ត្រូវពិន័យដកបេក្ខភាពចូលលេងជាមួយក្រុម តែមួយប្រកួតតែប៉ុណ្ណោះ តែរហូតមកទល់ពេលនេះ សេចក្ដីសម្រេចចុងក្រោយ កីឡាករ ត្រូវដកសិទ្ធចូលប្រកួត រហូតដល់ទៅ ៤ ការប្រកួត ។
ទន្ទឹមគ្នានោះផងដែរ កីឡាករជាម្រើសជាតិ Colombia ឈ្មោះថា Carlos Bacca ក៏ត្រូវពិន័យដកបេក្ខភាពចូលរួមប្រកួតដូចគ្នា ប៉ុន្ដែត្រឹមតែពីរការប្រកួតតែប៉ុណ្ណោះ ។ កីឡាកររូបនេះបានរុញច្រានកីឡាករ Neymar ស្ទើរតែដូលពេញមួយ ជំហបន្ទាប់ពីកីឡាករ Neymar បានទាត់បាល់ត្រូវ កីឡាករ Pablo Armero ។
គួរបញ្ជាក់ផងដែរថាកីឡាករ Neymar មិនត្រឹមតែទទួលការពិន័យដកបេក្ខភាពប្រកួតនោះទេ កីឡាករក៏ត្រូវពិន័យ ជាទឹកប្រាក់ផងដែរ ដែលត្រូវចំណាយរហូតដល់ទៅ ១០០០០ ដុល្លារទៀតផង។
អាន៖ Neymar ត្រូវបានសម្រេចដកសិទ្ធ ១ ការប្រកួតសិន រង់ចាំកិច្ចប្រជុំធំត្រូវសម្រេចនឹងជាប់ពិន័យបូកបន្ថែម
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី