ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សិស្ស និស្សិត ៤៦ នាក់ បានស្លាប់ បាត់បង់ជីវិត បន្ទាប់ពីត្រូវបាន សម្លាប់យ៉ាងសាហាវ តាមរយៈការបំផ្ទុះគ្រាប់បែក អត្តឃាត នៅឯ កិច្ចប្រជុំសាលាមួយ នាភាគខាង កើតឆៀងខាងជើង ប្រទេស នីហ្សេរីយ៉ា ពោលក្នុងក្រុង Potiskum នេះបើតាមការគូសបញ្ជាក់អោយ ដឹងពីសម្តីមន្រ្តីប៉ូលីស ក្នុងស្រុក ។
បន្ថែមពីលើនេះ ប្រភពព័ត៌មានពី ប៊ីប៊ីស៊ី អោយដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ត្រូវបានគេជឿថា ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ ក្លែងជាសិស្ស និស្សិត រួចធ្វើ ការបំផ្ទុះគ្រាប់បែកឡើង ទៅលើសាលា រៀនមួយកន្លែងនេះ ក្នុងរដ្ឋ Yobe ។ យ៉ាងណាមិញ មន្រ្តីប៉ូលីស បញ្ជាក់ថា ការវាយប្រហារលើកនេះ អាចជាការវាយប្រហារ ពីសំណាក់ក្រុមសកម្មប្រយុទ្ធ Boko Haram ។
អភិបាលរដ្ឋ Yobe បានប្រកាសបិទរាល់សាលារៀនរដ្ឋទាំងអស់ នៅជុំវិញក្រុង Potiskum ខណៈមាន ការរិះគន់ទៅលើរដ្ឋាភិបាល ក្នុងការមិនចាត់វិធានការភ្លាមៗ និងតឹងរឹង តាមចាប់ជនដៃដល់ ក្នុងនោះ សេចក្តីថ្លែងការណ៍ ពីសំណាក់អភិបាលរដ្ឋ លោក Ibrahim Gaidam អោយដឹងថា ចំណាត់ការបន្ទាន់ ត្រូវតែធ្វើឡើងជាចាំបាច់ ដើម្បីស្តារឡើងវិញ នូវទំនុកចិត្ត សាធារណជន ដោយ ធ្វើអ្វីគ្រប់យ៉ាង ក្នុង ការទប់ស្កាត់ ការវាយប្រហារ ឃោរឃៅទាំងនេះ ។ គួររំឭកថា ក្រុមសកម្មប្រយុទ្ធ Boko Haram មាន គោលដៅទៅលើគ្រឹះស្ថានអប់រំ (សាលារៀន) អំឡុងពេល ផ្ទុះកុបកម្មហឹង្សា រយៈពេល ៥ ឆ្នាំមកនេះ គោលបំណង ដើម្បីបង្កើតរដ្ឋអ៊ីស្លាមមួយ ។ ជាការឆ្លើយតប ក្នុងការការពារ ស្រីៗ មិនត្រូវបានអនុ ញ្ញាតអោយទៅសិក្សានៅសាលានោះទេ ខណៈរាល់បណ្តាសិស្សប្រុស សិក្សា តែចំណេះដឹង អ៊ីស្លាម តែប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក៏ដោយចុះ មនុស្សរាប់ពាន់នាក់ ច្រើនជាងសិស្សសាលាទៅទៀត ត្រូវបានសម្លាប់ រង្គាលដោយក្រុមមួយនេះ ។ ១៧ តុលា កន្លងទៅនេះ រដ្ឋាភិបាលប្រទេស នីហ្សេរីយ៉ា អះអាងអោយ ដឹងថា បានធ្វើការចរចារ ស្តីពីបទឈប់បាញ់ជាមួយនឹងក្រុមសកម្មប្រយុទ្ធ Boko Haram ។ ក៏ប៉ុន្តែ ២ សប្តាហ៍ក្រោយមក មេដឹកនាំក្រុមមួយនេះ Abubakar Shekau បានធ្វើការបដិសេធនិងបញ្ជាក់ក្តែងៗ អោយដឹង តាមរយៈខ្សែអាថ៍វីដេអូ អោយដឹងថា ៖ពួកយើងមិនបានយល់ព្រមពីបទឈប់បាញ់ជាមួយ នឹងនរណាម្នាក់នោះទេ ហើយពួកយើងពិតជាមិនបានចរចារជាមួយ នរណា ម្នាក់ នោះឡើយ ។ វាគឺ ជារឿងកុហក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី