ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Germanwings នៅឯអាកាសយានដ្ឋានអន្តរជាតិ Cologne/Bonn បានលុបចោលជើងហោះហើររបស់ខ្លួន បន្ទាប់ពីទទួល បាន ការគម្រាមបំផ្ទុះគ្រាប់បែក នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីក្រុមហ៊ុនអាកាសចរណ៍ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ។
អ្នកដំណើរសរុប ១៣២ នាក់ ក្នុងនោះ រួមមាន សមាជិក សហសេវិក ៦ នាក់ បាន ជម្លៀសខ្លួន ចេញពី យន្តហោះខាងលើ ដោយសុវត្ថិភាព នេះបើតាមការគូសបញ្ជាក់អោយដឹង ពី សារព័ត៌មានអាល្លឹម៉ង់ ។ ក្រោយពីបានដកស្រង់ សម្តីលោកស្រី ជាអ្នកនាំពាក្យអោយមន្រ្តីប៉ូលីសក្នុងស្រុកសារព័ត៌មានអាល្លឹម៉ង់ Focus Online ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ៖ ភ្លាមៗបន្ទាប់ពី មាន សេចក្តីរាយការណ៍ ថាមាន ការគម្រាមបំផ្ទុះគ្រាប់បែក ក្រុមការងារជំនាញ រួមមាន មន្រ្តីជំនាញពិសេស ខាងគ្រាប់មិនទាន់ផ្ទុះ ក៏ដូច ជាសុនខ ហិតក្លិននោះ ពុំបានរកឃើញ វត្តុតាង សង្ស័យមានអាវុធជាតិផ្ទុះអ្វីនោះទេ ។
គួរបញ្ជាក់ថា យន្តហោះខាងលើ ជាប្រភេទយន្តហោះ Airbus A320 គ្រោងនឹងហោះចេញទៅកាន់ទីក្រុង Milan នាវេលាម៉ោង ៦ និង ២០ នាទី ល្ងាច (ម៉ោងក្នុងស្រុក ប្រទេសអាល្លឹម៉ង់) ។ របាយការណ៍ បញ្ជាក់ យ៉ាងច្បាស់ថា អាកាសយានដ្ឋានខាងលើ ទទួលបានការគម្រាមបំផ្ទុះគ្រាប់បែក នាវេលាម៉ោង ៦ និង ៥ នាទីល្ងាច តាមរយៈសារអេឡិចត្រូនិច (Email) ។ភ្លាមៗខណៈអាកាសយានដ្ឋានទទួលបានសារគម្រាម បំផ្ទុះគ្រាប់បែក អាជ្ញាធរពាក់ព័ន្ធបានចេញសេចក្តីសម្រេចក្នុងការផ្អាកមិន អោយ យន្តហោះ ហៀបនឹង ហោះឡើងធ្វើការហោះចេញដំណើរនោះទេ ដោយត្រូវធ្វើការត្រួតពិនិត្យសុវត្ថិភាពជាមុនសិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ