ភ្នំពេញៈ បន្ទាប់ពីកញ្ញា ទឹម រដ្ឋា បានបង្ហាញវត្តមានគូស្នេហ៍ នៅ លើឆាកឈរពត់ពែនខ្លួន បង្ហាញម៉ូដសំលៀកបំពាក់ អាពាហ៍ពិពាហ៍ រួចមក ត្រូវបានទស្សនិកជន និងអ្នកគាំទ្រនាង ជាច្រើន បានលាន់មាត់តៗគ្នាថា តារារាងខ្ពស់ស្រឡះរូបនេះ បានអូសទាញប្រុសកំពូល ស្នេហ៍ ចូលប្រឡូកសិល្បៈ តាមនាង ប៉ុន្តែក្រោយពីមានការលើក ឡើងបែបនេះ ត្រូវបានស្រី ស្អាតរូបនេះ ចេញមុខបដិសេធចោល ភ្លាមៗថា មិនមែនជាការពិតទេ ហើយនាងក៏មិនធ្លាប់ គិតដឹក ដៃ សង្សារចូលសិល្បៈដូចនាងដែរ ។
តារាស្រីរាងតូចច្រឡឹងចង្កេះអង្គ្រង កញ្ញា ទឹម រដ្ឋា បានចេញមុខបក ស្រាយ ដោយសម្តី ផ្អែមស្រទន់ ប្រាប់គេហទំព័រ Looking TODAY កាលពីពេលកន្លងមកនេះថា សម្រាប់រូបភាព ដែលនាង និងគូស្នេហ៍ដើរបង្ហាញ ម៉ូដនៅលើឆាកនោះ គឺមិនមែនជាបំណង ឫក៏ការពេញចិត្តផ្ទាល់ពីគូស្នេហ៍ឡើយ ធាតុពិតទៅគឺខាងហាង កាត់ដេរគេឃើញ សង្សារនាងគេមានរូបសង្ហារ អាចបង្ហាញម៉ូដបាន ទើបគេសុំឲ្យជួយដើរម៉ូដឈុតរៀបការ គូជាមួយនាងតែម្តង ទៅមិនមែន ចូលប្រឡូកសិល្បៈអីទេ ។
ស្រីស្អាតរូបស្រស់ម្នាក់នេះ បានប្រាប់ឲ្យដឹងទៀតថា “ សង្សារខ្ញុំគាត់មិនដែល មានបំណង ចូលប្រឡូក សិល្បៈទេ ព្រោះថាគាត់មានការងារ រកស៊ីផ្ទាល់ខ្លួនរបស់គាត់ ហើយសម្រាប់ការ បង្ហាញវត្តមាន ក្នុងការដើរម៉ូដនោះ គឺគ្រាន់តែជាផ្នែកមួយនៃការងារខ្ញុំ ហើយម្ចាស់ហាងគេ ចង់ឲ្យខ្ញុំ ថតម៉ូដឈុតរៀបការជាមួយគ្នា ទើបសង្សារខ្ញុំគាត់ព្រមសាកល្បងថត ទៅតែមិន ជ្រើសយកធ្វើជាអាជីពទេ ” ៕