នៅក្នុងតំបន់ដាច់ស្រយាលមួយ នៃភាគខាងជើងប្រទេសវៀតណាម ក្មេងស្រីមួយចំនួនបានបាត់ខ្លួន។ ក្មេងស្រីទាំងនោះ ខ្លះមានអាយុ ១៣ ឆ្នាំ បានក្លាយទៅជាជនរងគ្រោះនៃការជួញដូរ ទៅកាន់ប្រទេសចិន ដើម្បីរៀបការ។
យោងតាមអង្គការ អន្តរជាតិ Plan បានឲ្យដឹងថា ទង្វើនៃការបង្ខំឲ្យរៀបការបានកើតឡើងជាងមួយទសវត្យរ៍មកហើយ។
ដោយសារតែច្បាប់កំណត់យកកូនតែម្នាក់របស់ប្រទេសចិន បានធ្វើឲ្យមានកំណើនកូនប្រុសយ៉ាងច្រើនក្នុងសង្គមចិន ដែលធ្វើឲ្យគ្មានតុល្យភាពនៃ យេនឌ័រក្នុងប្រទេសនោះ។
លោកយាយ Do អាយុ ៥៦ ឆ្នាំ កំពុងមានជំងឺខួរក្បាល។ បំណងប្រាថ្នាតែមួយគត់របស់គាត់ គឺគាត់ចង់ជួបកូនស្រី Mi របស់គាត់ មុនពេលគាត់ស្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ Mi បានបាត់ខ្លួនពីរឆ្នាំមកហើយ។
នាងបានទៅផ្សារ នៅថ្ងៃដែលនាងត្រូវបានគេចាប់ជម្រិត ហើយក្រុមគ្រួសារ លោកយាយ Do បានត្រឹមដឹងថា Mi ត្រូវបានបុរសពីរនាក់តាមពីក្រោយ ពេលដែលនាងចាកចេញពីតូប។
ក្រុមគ្រួសារ លោកយាយ Do បានតាមរកនាងរហូតដល់ តំបន់ Ha Giang ដែលជាតំបន់ដាច់ស្រយាលនៃភាគ ខាងជើងប្រទេសវៀតណាម ប៉ុន្តែនៅពេលដែលពួកគេទៅដល់ Mi បានបាត់ខ្លួនទៅហើយ។ គ្មាននរណាម្នាក់បានឃើញនាងឡើយ ហើយប្រជាជនក្នុងតំបន់នោះបាននិយាយថា Mi ប្រហែលជាត្រូវបានចាប់ទៅប្រទេសចិន ដើម្បីលក់ធ្វើជាប្រពន្ធរបស់នរណាម្នាក់។
ចាប់តាំងពីការបាត់ខ្លួនរបស់ Mi ក្មេងស្រីបីនាក់ផ្សេងទៀតពីតំបន់ភ្នំដាច់ស្រយាល ក៏ត្រូវបានគេចាប់ជម្រិតដែរ។
ក្រោយពី Mi ត្រូវបានបាត់ខ្លួន បងថ្លៃស្រីរបស់ Mi មិនដែលអនុញ្ញាតិឲ្យស្រីៗក្នុងផ្ទះ ចេញទៅក្រៅភូមិម្នាក់ឯងឡើយ ហើយនាងទៅផ្សារ លុះត្រាតែប្តីនាងកំដរ។ នាងព្រួយបារម្ភ រៀងរាល់ថ្ងៃចំពោះអនាគតរបស់កូនស្រីនាង ប្រសិនបើការចាប់ជម្រិតនេះនៅតែបន្ត។
រាជរដ្ឋាភិបាល បានឲ្យដឹងថា មានករណីចាប់ជម្រិតនេះចំនួន ៣០០ ចន្លោះខែមករា ដល់ខែមិនាឆ្នាំ ២០១៧ ខណៈពេលដែល Child Helpline បានទទួលទូរស័ព្ទពីករណីចាប់ជម្រិតនេះ ចំនួន ៨០០០ ករណី ក្នុងរយៈពេលបីឆ្នាំកន្លងទៅ។
អង្គការអន្តរជាតិ Plan កំពុងធ្វើការនៅក្នុងសាលា និងសហគមន៍ ក្នុងខេត្ត Ha Giang ដើម្បីធ្វើឲ្យប្រាកដថា ក្មេងស្រីបានយល់ដឹងពីភាពគ្រោះថ្នាក់នៃការជួញដូរមនុស្ស ហើយផ្នែកពាក់ព័ន្ធផ្សេងទៀត បានជម្រុញឲ្យរាជរដ្ឋាភិបាល ស្វែងរកក្មេងស្រីដែលបានបាត់នោះ និងរកយុត្តិធម៌ជូនពួកគេ ៕
រូបថត៖ Plan International
ប្រភព៖ ប៊ីប៊ីសុី