ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៧ នាក់បានទទួលរងរបួសធ្ងន់ និងស្រាល
បន្ទាប់ពីមានឧបទ្ទេវហេតុផ្អើលរត់ជាន់គ្នា នៅឯសកលវិទ្យាល័យ Tongji ទីក្រុង សៀងហៃ
ប្រទេសចិន អំឡុងពេល នៃឱកាសអញ្ជើញមកដល់ របស់អតីតកីឡាករបាល់ទាត់ល្បី
ឈ្មោះរបស់ពិភពលោក Devid Beckham នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ។
គួរបញ្ជាក់ផងដែរថា ករណីឧបទ្ទេវហេតុមួយនេះ បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍
ម្សិលមិញនេះ។ ដោយឡែក បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា នាឱកាសនោះ
មានមនុស្សប្រមាណជាង ១០០០ នាក់ បានមកចូលរួមក្នុងកម្មវិធីមួយនេះ។
យ៉ាងណាមិញ បើនិយាយពីជនរងគ្រោះទាំង ៧ នាក់នោះ រួមមាន មន្រ្តីប៉ូលីស ៣ រូប
សន្តិសុខ ២ រូប និងសិស្សនិស្សិត ២ រូបផ្សេងទៀតផងដែរ។ ភ្លាមៗនោះ កាលដែលបាន
កើតមានឡើង នូវសោកនាដកម្ម ដែលបានបណ្តាលអោយក្រុមមនុស្ស ទទួលរងរបួស
ហើយនោះ កម្មវិធីអញ្ជើញមកដល់របស់កីឡាករល្បីឈ្មោះរូបនេះ ក៏ត្រូវបានលុបចោល។
គួររំឭកផងដែរថា ឧកាសអញ្ជើញមកដល់ របស់អតីតកីឡាករបាល់ទាត់ល្បីឈ្មោះរបស់
ពិភពលោកលើកនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន ស្របពេល
ដែល Devid Beckham នាពេលបច្ចុប្បន្ននេះ គឺជាឯកអគ្គរដ្ឋទូតសម្រាប់ Chinese Super
League ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily