ពង្រាងបទប្បញ្ញត្ដិពន្ធគយរបស់អាមេរិកលើការនាំចូលរថយន្ដ នឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់ឧស្សាហកម្មរថយន្ដទាំងស្រុង នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុនស្រាវជ្រាវ Moody’s Investor Service។ ក្រុមហ៊ុនស្រាវជ្រាវខាងបានឱ្យដឹងទៀតថា អត្រាពន្ធគយខ្ពស់ នឹងបង្កបញ្ហាទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃឧស្សាហកម្មរថយន្ដ។
ក្រុមហ៊ុន Moody’s បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់អតិថិជនថា៖ “ ពន្ធគយលើរថយន្ដនាំចូល នឹងជះឥទ្ធិពលអាក្រក់ដល់ឧស្សាហកម្មនេះយ៉ាងក្រៃលែង។ អត្រាពន្ធគយ ២៥% លើរថយន្ដនាំចូល និងគ្រឿងបន្លាស់ នឹងជះឥទ្ធិពលអវិជ្ជមាន ដល់ស្ទើរតែគ្រប់ផ្នែកនៃឧស្សាហកម្មរថយន្ដ ក្នុងនោះមានដូចជា ក្រុមហ៊ុនផលិតរថយន្ដ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ ក្រុមហ៊ុនលក់រថយន្ដបន្ដ និងក្រុមហ៊ុនដឹកជញ្ជូន។ បើទោះជាការហូតពន្ធគយនេះអនុវត្ដក្ដី ក្រុមហ៊ុនផលិតរថយន្ដ ចង់មិនចង់ ក៏ត្រូវតែស្រូបថ្លៃដើម្បីរក្សាកម្រិតនៃការលក់ឱ្យនៅខ្ពស់ ដែលកត្ដានេះធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះ ម្យ៉ាងវិញទៀត ក្រុមហ៊ុនផលិតរថយន្ដអាចនឹងដំឡើងថ្លៃ ដើម្បីបញ្ជូនតម្លៃពន្ធគយទៅអតិថិជន ដែលកត្ដានេះធ្វើឱ្យប៉ពាល់ដល់ការលក់ ឬប៉ះទាំងអតិថិជន និងការលក់តែម្ដង”។
កាលពីសប្ដាហ៍មុននេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមយកពន្ធគយ ២០% លើការនាំចូលរថយន្ដរបស់សហភាពអឺរ៉ុប។
លោកបាន សរសេរលើបណ្ដាញ Twitter ថា៖” ផ្អែកលើគន្ធគយ និងរបាំងពាណិជ្ជកម្ម ដែលបានដាក់មកលើអាមេរិក និងក្រុមហ៊ុនធំៗ ព្រមទាំងនយោជិករបស់យើងដោយសហភាពអឺរ៉ុបជាយូរហើយមកនោះ ប្រសិនបើពន្ធគយ និងរបាំងទាំងនេះ មិនត្រូវបានបញ្ឈប់ ឬដកចេញទេនោះ យើងនឹងដាក់ពន្ធគយ ២០% លើការនាំចូលរថយន្ដមកអាមេរិករបស់ពួកគេទាំងអស់”។
ខណៈ ផ្នែកខ្លះនៃពន្ធគយ ត្រូវបានគេរំពឹងថា នឹងប្រកាសលើបណ្ដាញអ៊ីនធឺណិត នៅថ្ងៃទី ០៦ កក្កដានេះ រដ្ឋបាលលោកត្រាំ ក៏បានដាក់ពន្ធគយ ២៥ % ផងដែរលើទំនិញរបស់ចិន រួមទាំងរថយន្ដផងដែរ។
ក្រុមហ៊ុន Moody’s បានឱ្យដឹងទៀតថា ក្រុមហ៊ុនផលិតរថយន្ដអាមេរិក នឹងមិនទទួលបានអភ័យឯកសិទ្ធិរួចផុតពីពន្ធគយនាំចូលនេះឡើយ។ ក្រុមហ៊ុននេះ បានកត់សម្គាល់ថា ទាំងក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford ពឹងផ្អែកលើការនាំចូលរថយន្ដពីប្រទេសម៉ិចស៊ីកូ និងប្រទេសកាណាដា។
របាយការណ៍របស់ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា៖"ពន្ធគយ នឹងជះឥទ្ធពលអវិជ្ជមាចំពោះក្រុមហ៊ុន Ford និង GM ។ បន្ទុកនេះនឹងកាន់តែធំឡើង សម្រាប់ក្រុមហ៊ុន GM ព្រោះក្រុមហ៊ុននេះពឹងផ្អែក យ៉ាងខ្លាំងលើការនាំចូលរថយន្ដពីប្រទេសម៉ិកស៊ិក និងកាណាដាដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអាមេរិក។ លើសពីនេះទៅទៀត រថយន្តដឹកទំនិញ និងរថយន្ដម៉ាក SUV ដែលលក់បានប្រាក់ចំណេញខ្ពស់របស់ក្រុមហ៊ុន GM គឺនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ សុីអិនប៊ីសុី