CamNews

តារា 

ឌុច លីដា ឆក់បានតំណែង តារាសម្តែងឆ្នើមបន្តពី សារាយ សក្ខណា

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងស្រីវ័យក្មេង កញ្ញា ឌុច លីដា ហាក់កំពុងតែមានទីផ្សារ សម្តែងទាំងក្នុងស្រុក និងក្រៅស្រុក ដោយនាងឆក់បាន តំណែង តួឯកស្រី បន្តបន្ទាប់ ក្រោយពីអតីតតារាសម្តែង មានឈ្មោះល្បី អ្នកនាង សារ៉ាយ សក្ខណា បានបញ្ចប់អាជីពសិល្បៈ ទៅសម្ងំរស់នៅ ជាមួយស្វាមី ឯនាយសមុទ្រ ។

ទស្សនិកជន នៅចាំបានថាកាលពីឆ្នាំ២០១៣ កន្លងទៅតំណែងតារាសម្តែងឆ្នើម មានភាព លេចធ្លោ និងមានប្រជាប្រិយភាព លោតឡើងខ្លាំងជាងគេ ក្នុងចំណោមអ្នកសិល្បៈ អ្នកនាង សារ៉ាយ សក្ខណា ដោយនាងត្រូវបានអ្នកដឹកនាំរឿង ស្ទើរគ្រប់ស្ថានីយទូរទស្សន៍ ទាក់ទង ហៅថតមិនដាច់នោះទេ ។ ប៉ុន្តែដោយឡែកនៅក្នុងឆ្នាំ២០១៤នេះ ក្រោយពីតារាស្រី សក្ខណា បានប្រកាសដកខ្លួនចេញពីសង្វៀនសិល្បៈ គេសង្កេតឃើញថា តារាស្រីវ័យក្មេងទម្រង់មុខ កូនកាត់អឺរ៉ុប សម្បុរស្រអែម កញ្ញា ឌុច លីដា ក៏ចាប់ផ្តើមមានទីផ្សារថតរឿង បន្តវេនពីនាង មិនដាច់ ដោយខ្សែភាពយន្ត ដែល លីដា ទទួលថតភាគច្រើន គឺសុទ្ធសឹងតែជារឿងខ្នាតធំ និងលំដាប់អន្តរជាតិ ជាក់ស្តែងដូចជារឿង “ដំរីមរកត” ថតជាមួយ តារាសម្តែងប្រុសល្បី ឈ្មោះសឹង្ហបុរី និងរឿង “ស្បែកគង់” ដែលចំណាយដើមទុន មិនតិចជាង៧០ម៉ឺន ដុល្លារទេ ក្នុងការថតតាមរយៈរឿងនេះ បានជ្រោងភាពល្បីល្បាញ ឲ្យនាងល្បីរន្ទឺត្រឹមតែរយៈពេលខ្លីតែ ប៉ុណ្ណោះ ។

តារាសម្តែងស្រីវ័យក្មេងរូបស្អាត កញ្ញា ឌុច លីដា នៅក្នុងឆ្នាំថ្មីនេះ ហាក់មានយីអ៊ុនឡើងជា បណ្តើរៗ ពោលគឺចាប់ពីអតីតពិធីការិនី និងជាតារាសម្តែង អ្នកនាង សារាយ សក្ខណា សម្រេចចិត្តដើរចេញពីសិល្បៈ ដោយមានអ្នកដឹកនាំរឿងជាច្រើន បង្វែរការចាប់អារម្មណ៍ទៅ លើតួស្រីថ្មីគឺ ឌុច លីដា ដោយថ្មីៗនេះ មានអ្នកដឹកនាំរឿងជាច្រើន បានពោលពាក្យ សរសើរ នាងលើទេពកោសល្យសម្តែង មិនតិចទេ ព្រោះនាងមានដុងក្នុងការសម្តែង កាយវិការទន់ភ្លន់ ទៅតាមសាច់រឿងអាចដាក់អារម្មណ៍ សម្តែងបាន យ៉ាងណា ហើយអ្វីដែលសំខាន់រាល់ការ សម្តែង របស់នាង គឺចេញពីចិត្តមិនពិបាក ក្នុងការហាត់ពត់ នាងដូចតារាដទៃឡើយ ។

ក្រោយពីតារាស្រីល្បីឈ្មោះ សក្ខណា បញ្ចប់អាជីពសិល្បៈ គេរំពឹងទុកថាតំណែង តារាឆ្នើម និងធ្លាក់បន្តទៅតារា សម្តែងស្របាល នាងជាច្រើនដូចជា កញ្ញា នី មុនីនាថ, ម៉ាក សែនសូនីតា, មាន សូនីតា ,លី ច័ន្ទសីហា និងតារាស្រីមួយចំនួនទៀត ដែលមានបទពិសោធ ថតរឿងជាច្រើនឆ្នាំ ហើយតារាទាំងអស់នេះ អាចសម្តែងបានគ្រប់តួ ទាំងតួទឹកភ្នែក កំសត់ ក្រមិចក្រមើម ប៉ុន្តែនៅទីបំផុតអ្នកដែល អាចស្រវ៉ាចាប់បាន តំណែងបន្តពី អ្នកនាង សារាយ សក្ខណា បែរជាធ្លាក់ទៅលើតារាសម្តែងពន្លកថ្មី នាង ឌុច លីដា ទៅវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh