ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដេលីម៉ែល កាលពីវេលាល្ងាចម្សិលមិញ
នេះ បានចេញផ្សាយអោយដឹងថាក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមរថភ្លើងជាច្រើនសិប
នាក់ មានពេលមួយនោះ បានផ្អើលនាំគ្នាសហការរីករាយ ក្នុងការរុញច្រានរថភ្លើងដែលមាន
ទម្ងន់ដល់ទៅ ៣២ តោន អោយផ្អៀង ដើម្បីជាការជួយសង្គ្រោះស្រ្តីវ័យកណ្តាលម្នាក់ បន្ទាប់
ពីបានជាប់គាំងទៅនឹងចន្លោះតូច ៨ អ៊ីង ពោលគឺ ចន្លោះរថភ្លើង និងជម្រាលផ្លូវដើរតែម្តង។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនរងគ្រោះរូបនោះ មានវ័យប្រមាណជាង ៣០ ឆ្នាំ ដោយ
ឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់ចៃដន្យខាងលើនេះ បានកើត
ឡើងនៅឯស្ថានីយ៍រថភ្លើង JR Minami-Urawa station ភាគខាងជើង ទីក្រុងតូក្យូ ប្រទស
ជប៉ុន។
យ៉ាងណាមិញ បើនិយាយពីមូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះថ្នាក់
ចៃដន្យមួយនេះ ព្រោះស្រ្តីជាជនរងគ្រោះ បានរអិលដួល និងជាប់ជើងចូលទៅក្នុងចន្លោះ ៨
អ៊ីង ដ៏តូចនោះតែម្តង។ ជាការពិត កម្លាំងសាមគ្គីពិតជាទទួលបានជោគជ័យ នោះគឺ ក្រុម
មនុស្សដែលជាអ្នកធ្វើដំណើរដូចគ្នានោះ បាននាំគ្នាសហការគ្នា ដោយរុញច្រានរថភ្លើងនោះ
រួចអូសស្រ្តីជាជនរងគ្រោះចេញតែម្តង ។ គួររំឭកផងដែរថា បន្ទាប់ពីមានការជួយសង្គ្រោះ
ភ្លាមៗ ស្រី្តជាជនរងគ្រោះ ក៏បានទាញចេញពីចន្លោះតូចនោះ ដោយមិនបានទទួលរងរបួស
ធ្ងន់ធ្ងរនោះទេ៕
ចងចាំ ៖ សាមគ្គីភាព រមែងតែងនាំមកនូវ ភាពជោគជ័យ ៕
ដោយ ៖ ពិសី
ប្រភព ៖ ដេលីម៉ែល