បុរសវ័យចំណាស់ម្នាក់ បានចំណាយពេល ៦៥ឆ្នាំ ក្នុងការប្រើប្រាស់ឈើគូស ជាង ១លានដើម ដើម្បីបង្កើតនាវាចម្បាំងមួយក្រុមដែលមានចំនួន ជិត ៥០០គ្រឿង ។
លោកតា Philip Warren អាយុ ៨២ឆ្នាំ នៅ Dorset ភាគខាងត្បូងអង់គ្លេស បានចំណាយពេល
ស្ទើរមួយជីវិតរបស់ខ្លួន ចាប់ពីឆ្នាំ ១៩៤៥ ដើម្បីបង្កើតនាវាចម្បាំងចំនួន ៤៦៣គ្រឿង។ ជាងនេះ
លោកតា Philip Warren ថែមទាំងបានបង្កើតយន្ដហោះចម្បាំង ដាក់នៅលើនាវាផ្ទុកយន្ដហោះ
ប្រវែងជិតមួយម៉ែត្ររបស់ខ្លួនផងដែរ។
ទំព័រ Telegraph បានឱ្យដឹងថា នាវានិមួយៗក្នុងចំណោមស្នាដៃនេះ សុទ្ធសឹងតែត្រូវបានបង្កើត
ឡើងដោយដៃលោកតាផ្ទាល់ ដោយប្រើប្រាស់បន្ទាត់មួយដើម កាំបិតឡាម និងកន្ដ្រៃ។ នៅក្នុង
ចំណោម នាវាចម្បាំងរបស់លោកតា Philip Warren មាននាវាខ្លះ ត្រូវចំណាយពេលដល់ទៅ ១ឆ្នាំ
ទើបរួចរាល់។
ប្រភពខាងលើបានបន្ដថា លោកតារូបនេះ ចាប់ផ្ដើមចូលចិត្តបង្កើតនាវាគំរូបែបនេះ តាំងពីឆ្នាំ
១៩៤៨ ដែលកាលណោះ លោកមានអាយុ ១៧ឆ្នាំ បន្ទាប់បីបានទៅទស្សនារូបថតស្ដីអំពីនាវា
ចម្បាំងរបស់កងទ័ពជើងទឹក។ លោកតា Philip Warren បានប្រើប្រាស់ឈើគូសដើម្បីបង្កើតស្នា
ដៃនេះ ព្រោះថា វាងាយស្វែងរក ដោយលោកគ្រាន់តែបិតឱ្យត្រូវតាមទម្រង់របស់នាវា។
លោកតា Philip Warren ថ្លែងថា ៖ “ទាំងនេះ បានចាប់ផ្ដើមកាលពីខ្ញុំមានអាយុ ១៧ឆ្នាំ។ ខ្ញុំចង់
បង្កើតនូវនាវាគំរូតូចៗ។ ឈើគូសកាលណោះងាយស្រួលរកណាស់ ដោយសារតែមានគេប្រើ
ច្រើន ដូច្នេះខ្ញុំក៏សម្រេចចិត្តប្រើវា។ ពេលនោះ មិនទាន់មានឧបករណ៍ជំនួយ ហើយអ្វីទាំងអស់
ត្រូវធ្វើឡើងដោយដៃ” ។
មកដល់បច្ចុប្បន្ន លោកតា Philip Warren បាន “សាងសង់” ប្រភេទនាវាចម្បាំងរបស់អង់គ្លេស
ចំនួន ២៥០គ្រឿង ក្នុងនោះមាន HMS Ark Royal, HMS Belfast និង HMS Sheffield ។ ក្រៅពី
នេះ មាននាវាអាមេរិក ចំនួន ៦០គ្រឿង និងនាវានៃបណ្ដាប្រទេសផ្សេងៗ ចំនួន៥០គ្រឿង។
នាវាទាំងនេះ មានទំហំចាប់ពី ១ម៉ែត្រ ចុះក្រោម។
ជាមួយនឹងក្រុមនាវានេះ លោកតា Philip Warren អតីតអគ្គនាយក្រុមហ៊ុនសម្ភារៈការិយាល័យ
នៅក្រុង Blanford Dorset បច្ចុប្បន្ន ក៏កំពុងដាក់តាំងបង្ហាញនាវារបស់ខ្លួនចំនួន ២១៧គ្រឿង នៅ
ក្នុងសារមន្ទីរ Nothe Fort នៅតំបន់ Weymouth ។
លោកតា Philip Warren មានប្រសាសន៍ថា ៖ “បើទោះជាខ្ញុំស្រឡាញ់ការងារនេះយ៉ាងណា ប៉ុន្ដែ
ខ្ញុំមិនធ្លាប់គិតថា ខ្លួនអាចបង្កើតបាននាវាចម្បាំងដល់ទៅ ៤៦៣គ្រឿង។ នាវាដែលខ្ញុំចូលចិត្តបំផុត គឺជានាវាមួយក្នុងចំណោមនាវាផ្ទុកយន្ដហោះធំៗ គឺ USS John F Kennedy និងនាវាចុងក្រោយ
បំផុត គឺ HMS Edinburgh” ។
នាវាមួយគ្រឿងក្នុងពេលថ្មីៗនេះ ត្រូវបានលោកតា Philip Warren បង្កើតឡើងដោយប្រើឈើ
គូសជិត ៥,០០០ដើម និងប្រអប់ឈើគូសចំនួន ២០០ប្រអប់។ លោកតាធ្លាប់បានជូននាវាចំនួន
ប្រហែល ៦០គ្រឿង ទៅឱ្យមិត្តភ័ក្ដិរបស់គាត់ ដែលកំពុងធ្វើការនៅក្នុងជួរកងទ័ពជើងទឹក។ ក្រៅ
ពីនេះលោកតាក៏ធ្លាប់កម្ទេចនាវាចោល ចំនួន ៤០គ្រឿងផងដែរ៕
ដោយ ៖ តារា
ប្រភព ៖ Telegraph/K14