ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia ក្រោយពីបានដកស្រង់ សម្តីមន្រ្តី ផ្លូវការ បានចេញផ្សាយ នូវសម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា ក្រុមឆ្មាំសមុទ្រ ប្រទេសជប៉ុន នៅវេលាព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ បានប្រញាប់ ចេញប្រតិបត្តិការ បទអន្តរាគមន៍របស់ខ្លួន ក្រោយពី មានករណី ផ្ទុះឆេះ កុងតឺន័រ នៅឯឈូងសមុទ្រ ប្រទេសនេះ ។
បន្ថែមពីលើនេះ អ្នកនាំពាក្យ តំណាងអោយ នាយកដ្ឋាន ឆ្មាំសមុទ្រ ក្នុងស្រុក បញ្ជាក់អោយដឹងថា ពួកយើងបានទទួលព័ត៌មាន បានថា មានករណីផ្ទុះឆេះ កុងតឺន័រ Shoko-maru នៅឯដែនសមុទ្រ ជិតកំពង់ផែ Himeji ភាគខាងលិច ប្រទេស ។
ថ្លែងនៅក្នុង សភាព លោក Shinzo Abe បេក្ខភាព នាយករដ្ឋមន្រ្តី បានលើកឡើង ដោយមានការ បង្អាក់ទៅលើកិច្ចសន្ទនា ស្របពេលមានការបញ្ជាក់អោយដឹង ថា នៅឯដែនទឹក Hyogo មានករណី ផ្ទុះកុងតឺន័រ ខណៈវេលានេះ ក៏កំពុងតែមានការឆាបឆេះ នៅឡើយ ។
យ៉ាងណាមិញ ទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក The Kobe Shimbun បានចេញផ្សាយអោយដឹងថា នាវា ដែលបានផ្ទុក កុងតឺន័រ មានករណីផ្ទុះឡើងនេះ វត្តមានរបស់វា មានរយៈចម្ងាយ ប្រមាណពីរ គីឡូម៉ែត្រ ពី ឆ្នេរសមុទ្រ ពោលស្ថិតនៅចំផ្លូវទឹក ដែលកំពុងតែមមាញឹក ក្នុងការដឹកជញ្ជូន ។
សេចក្តីរាយការណ៍ ដដែល បញ្ជាក់អោយដឹងថា នាវាទម្ងន់ ៩៩៨ តោន មួយគ្រឿងនេះពុំបានផ្ទុក ទំនិញ ពេញនោះទេ ខណៈមានការដកស្រង់សម្តី មន្រ្តីឆ្មាំ សមុទ្រ អោយដឹងថា គេឃើញមានផ្សែង ហុយខ្មួរខ្មាញ់ មានរយៈកំពស់ដល់ទៅ ជិត ១០០ ម៉ែត្រ ឯណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia