ស្ទើរតែមិនគួរអោយជឿ ៖ ដូចពាក្យចាស់ លោកពោលថា គ្មានក្តីស្រឡាញ់ណា ធំធេងជាងក្តីស្រឡាញ់របស់មាតាបិតា មានចំពោះកូននោះទេ តួយ៉ាង ជាក់ស្តែងតែម្តង ស្រ្តីវ័យ ២៩ ឆ្នាំ មក ពីខេត្ត Sichuan ប្រទេសចិន បានប្រថុយជីវិត ប្រឈមជាមួយនឹងឆ្កែកំណាច ខាំរបួស ១៩ កន្លែង ដោយ ហេតុតែចង់ ការពារកូនប្រុសតូច វ័យ ទើបតែ ២ ឆ្នាំរបស់ខ្លួន ពីការវាយប្រហារ ពីសំណាក់ឆ្កែធំ ២ ក្បាល ។
ជនរងគ្រោះ ស្រ្តីជាម្តាយ ល្បីក្នុងបណ្តាញសង្គម ជាមួយនឹង កាតព្វកិច្ចដ៏អស្ចារ្យ មួយ នេះ លោកស្រី Yuan Yan អោយដឹងថា អំឡុងពេល ការដើរកំសាន្ត ក្នុង សួន ឧទ្យាន ក្នុងស្រុក នៅថ្ងៃទី ៧ ឧសភា កន្លងទៅនេះ ឆ្កែ ២ ក្បាល មិនជាប់ចំណងនោះ បានព្រុស ទៅលើកូន ប្រុសតូចរបស់គាត់ ភ្លាមៗ ពួក វាក៏បានបើកការវាយប្រហារ ត្របាក់ខាំ តែម្តង ។ ភ្លាមៗ ស្រ្តីជាម្តាយ បាន លើកកូនប្រុសតូច ពរនៅ ក្នុងដៃ ដោយអោបគេយ៉ាងជាប់ ខណៈមានការវាយប្រហារ ពីឆ្កែ ខាំនាងស្ទើរតែពេញមួយតូខ្លួន រំពេច នោះក៏មានការជួយសង្គ្រោះ និងអន្តរាគមន៍ ពីសំណាក់អ្នកដំណើរ ក្បែរនោះ ដូចគ្នាដែរ។
សេចក្តីរាយការណ៍ អោយដឹងថា ភ្លាមៗ ជនរងគ្រោះលោកស្រី Yuan Yan ត្រូវ បានបញ្ជូនទៅសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពីធ្វើការវះកាត់ របួស ចំណាយពេលដល់ទៅ ៣ ម៉ោង ។ តាមការគូសបញ្ជាក់អោយដឹង ពីវេជ្ជបណ្ឌិត ធ្វើការវះកាត់អោយដឹងថា ជនរងគ្រោះមានស្នាម របួសខាំដល់ទៅ ១៩ កន្លែង ដោយនៅក្នុងនោះ របួសធ្ងន់ជាងគេនោះ គឺស្នាមខាំ មានប្រវែងដល់ទៅ ៩ ស.ម ។ ប្រភពពីសារព័ត៌មានក្នុងស្រុក ចិន អោយដឹងថា ម្ចាស់សត្វ សុនក ២ ក្បាល ខាងលើ នៅថ្ងៃ បន្ទាប់បានចុះទៅសួរសុខទុក្ខ ជនរងគ្រោះ ដោយព្រមព្រៀង ផ្តល់ ប្រាក់សំណង ៤០,០០០ យ័ន ពាក់ ព័ន្ធនឹងគ្រោះថ្នាក់ វាយប្រហារ លើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃលីស