ព័ត៌មានអន្តរជាតិ ៖ សាលាបឋម ក្នុងក្រុង នាខេត្ត Shandong ភាគខាងកើត ប្រទេសចិន ត្រូវបាន បិទទ្វារទាំងអស់ ខណៈភ្លើងឆេះព្រៃ នៅក្នុងតំបន់ ក៏ កំពុងតែមានការគម្រាមគំហែង នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ឆៃណាដេលី ។
គួរបញ្ជាក់ថា ភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ទៅលើតំបន់ព្រៃ ដែលសំបូរទៅដោយព្រៃឈើ យ៉ាងក្រាស់ នៅក្នុងក្រុង Weihai ជាទីក្រុង ដែលត្រូវបានគេទទួលស្គាល់ថា សុខាមាលភាពបំផុត ក្នុងការមករស់នៅទីនេះ ។ សេចក្តីរាយការណ៍ បញ្ជាក់ថា ភ្លើងឆេះព្រៃលើកនេះ បានកើតឡើង កាលពីរសៀល ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ ។
ក្រុមភ្នាក់ងារ ពន្លត់អគ្គីភ័យ ច្រើនជាង ២០០ នាក់ ក្រុមពលទាហាន និង ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានអាជ្ញាធរ ក្នុងតំបន់ ដាក់ពង្រាយភ្លាមៗ ដើម្បីចេញប្រតិបត្តិការ ពន្លត់ភ្លើងឆេះព្រៃខាងលើ ស្របពេលដែល អាជ្ញាធរក្រុង បានសម្រេច ដាក់ដំណើរការ ទីជម្រកអាសន្ន ដល់បណ្តាបងប្អូនជា ជនរងគ្រោះ ។
សេចក្តីថ្លែការណ៍ របស់រដ្ឋាភិបាល ខេត្តអោយដឹងថា ជាលទ្ធផល ករណីគ្រោះថ្នាក់ ភ្លើងឆេះព្រៃ មួយនេះ ត្រូវបានរំលត់ហើយ តែលទ្ធភាព ដែលអាចកើតមានឡើងសាជាថ្មី គឺស្ថិតនៅក្នុងអាត្រា ខ្ពស់មែនទែន ។ ពុំមានរបាយការណ៍ ថានរណាម្នាក់ ទទួលរងគ្រោះនោះទេ ស្របពេលដែលក្រុម ការងារតាមដានស៊ើបអង្កេត រកមូលហេតុពិត នៃការឆេះ ក៏កំពុងតែ មមាញឹកនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី