បុរសស្រ្ដីគ្រប់រូបតែងប្រាថ្នាចង់ឱ្យស្បែករបស់ខ្លួនគ្មានមុន និងមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងភាពកខ្វក់ក្នុងបរិយាកាស និងល្អងធូលី វាបានក្លាយទៅជាបញ្ហាប្រឈមមួយសម្រាប់យើង។ មិនត្រឹមតែភាពកខ្វក់ និងល្អងធូលីប៉ុណ្ណោះទេ ដែលធ្វើឱ្យមុខរបស់យើងកើតមុន សូម្បីតែចំណីអាហារ ដែលយើងទទួលទានក៏ជាហេតុផលសំខាន់មួយផងដែរ នៅពីក្រោយការកើតមុនដ៏គួរឱ្យរំខាននេះ ។ មុនអាចកើតឡើងគ្រប់ពេលវេលា ហើយជាញឹកញាប់ វាធ្វើឱ្យមុខរបស់យើងឈឺ។ ប្រសិនបើអ្នកបានព្យាយាមគ្រប់វិធីដើម្បីកម្ចាត់មុនហើយ ប៉ុន្តែវាមិនទទួលបានផលអ្វីសោះនោះ អញ្ចឹងដល់ពេលដែលអ្នក គួរផ្លាស់ប្ដូររបបអាហាររបស់អ្នកហើយ។
រូបតំណាង
ការទទួលទានអាហារផ្សេងៗដូចជា អាហារចម្រាញ់ពីទឹកដោះគោ ម្ហូបអាហារហឹរ និងនំបុ័ង អាចបណ្ដាលឱ្យកើតមុនបាន។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ កាហ្វេក៏អាចជាហេតុផលមួយក្នុងចំណោមហេតុផលដែលបណ្តាលឱ្យកើតមុនលើផ្ទៃមុខរបស់អ្នកផងដែរ ។ យោងតាមវេជ្ជបណ្ឌិត Shilpa Arora ND បានឱ្យដឹងថា៖” មុនអាចកើតមានដោយសារការទទួលទានកាហ្វេច្រើនហួសប្រមាណ ប៉ុន្តែវាមិនមែនជាមូលហេតុតែម្យ៉ាងនេះនោះទេ។ មុនអាចកើតមានឡើងដោយសារតែអតុល្យភាពអ័រម៉ូន។ បុរសស្រ្ដី គួរជៀសវាងទទួលទានអាហារច្នៃ និងដាក់ស្ករក្នុងចំណីអាហារ បើមិនចង់កើតមុនលើផ្ទៃមុខ។ សូមទម្លាប់ទទួលទាន បន្លែផ្លែឈើល្អចំពោះសុខភាព ដែលមានតាមរដូវ”។
ដើម្បីជៀសវាងការកើតមុន ដែលអ្នកមិនចង់បាន អ្នកគ្រាន់តែត្រូវកំណត់បរិមាណកាហ្វេ ដែលអ្នកទទួលទាន។ កាហ្វេ មានផ្ទុកនូវសារធាតុគីមី ដែលបង្កើនអរម៉ូនស្ត្រេស ព្រមទាំងបង្កើនការស្រូបយកជាតិកាឡូរីចូលក្នុងរាងកាយរបស់យើង។ ទោះជាយ៉ាងក៏ដោយ ភាពតានតឹងមិនមែនជាមូលហេតុចម្បងបណ្ដាលឱ្យកើតមុននោះទេ ប៉ុន្តែវាអាចធ្វើអោយស្ថានភាពកើតមុន កាន់តែអាក្រក់ឡើង។
ដូចដែលយើងធ្លាប់ដឹងមកហើយថា ទឹកមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យស្បែកមានភាពស្រស់ថ្លា និងមានសុខភាពល្អ ដូច្នេះការកង្វះជាតិទឹក អាចនាំអោយស្បែកមានបញ្ហា។ លោក Rupali Datta អ្នកប្រឹក្សាយោបល់ផ្នែកអាហាររូបត្ថម្ភ បានមានប្រសាសន៍ថា៖ "កាហ្វេ គឺជាថ្នាំបញ្ចុះទឹកមូត្រធម្មជាតិ។ ការទទួលទានកាហ្វេច្រើនពេក និងបំពេញបន្ថែមវាជាមួយនឹងអាហារខ្វះជីវជាតិ អាចនាំឱ្យខ្សោះជាតិទឹក ពីព្រោះជាតិអាស៊ីត ក្នុងរាងកាយ មានការកើនឡើង។ ។ "ការញ៉ាំកាហ្វេច្រើនហួសប្រមាណ អាចធ្វើឱ្យបាត់បង់ជាតិវីតាមីន និងសារធាតុរ៉ែសំខាន់ៗពីរាងកាយ ដែលបណ្តាលអោយរាងកាយខ្សោះជាតិទឹក និងអាចបណ្តាលអោយកើតមុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ dntv