សេតវិមាន បានរិះគន់ប្រទេសចិន បន្ទាប់ពីប្រទេសនេះ បានប្រកាសយកពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក លើទំនិញជាច្រើនប្រភេទ រួមទាំងសាច់ជ្រូក និងស្រាទំពាំងបាយជួរផងដែរ។
ក្រុងប៉េកាំង បានប្រកាសកាតព្វកិច្ចបង់ពន្ធរហូតដល់ ២៥% លើការនាំចូលទំនិញចំនួន ១២៨ ប្រភេទ របស់អាមេរិក បន្ទាប់ពីសេចក្ដីសម្រេចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការយកពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ចិន។
ប្រទេសចិនបាននិយាយថា ការវាយបកក្នុងការយកពន្ធនេះ គឺសំដៅដើម្បីរក្សាផលប្រយោជន៍ និងការខាតបង់នៃសមតុល្យរបស់ខ្លួន ដែលបណ្តាលមកពីវិធានការណ៍យកពន្ធថ្មីរបស់អាមេរិក។ ផ្សារហ៊ុនអាមេរិកបានធ្លាក់ចុះ ដោយសារការភ័យខ្លាចថា កាតព្វកិច្ចបង់ពន្ធនឹងកើនឡើង។
។
ភាគហ៊ុនវិស័យបច្ចេកវិទ្យា គឺស្ថិតនៅក្នុងចំណោម ភាគហ៊ុនដែលលក់ខាតបំផុត នៅថ្ងៃចន្ទ រួមទាំងក្រុមហ៊ុន Amazon ផងដែរ បន្ទាប់ពីលោកប្រធានាធិបតី Trump បានបង្កើនការវាយប្រហារលើបណ្ដាញ Twitter របស់លោក ប្រឆាំងនឹងក្រុមហ៊ុនលក់រាយតាមបណ្ដាញអ៊ីនធឺណិត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនស្តីអំពីពន្ធគយ សេតវិមានបានចោទប្រកាន់ទីក្រុងប៉េកាំងអំពី "ការធ្វើឱ្យខូចទីផ្សារសកល"។
លោកស្រី Lindsay Walters អ្នកនាំពាក្យសេតវិមាន បាននិយាយថា៖ "ការឧបត្ថម្ភធនសម្រាប់ការខាតបង់របស់ប្រទេសចិន និងការលក់មិនបានគ្រប់តាមការគ្រោងទុក គឺជាមូលហេតុនៃវិបត្តិដែកថែប"។
អ្នកស្រីបានបន្ថែមថា៖ “ជំនួសឱ្យការកំណត់ទិសដៅយកពន្ធលើការនាំចេញផលិតផលអាមេរិក ដែលជួញដូរដោយយុត្តិធម៌នោះ ប្រទេសចិនត្រូវបញ្ឈប់ការធ្វើពាណិជ្ជកម្មដោយអយុត្តិធម៌របស់ខ្លួន ដែលកំពុងធ្វើឱ្យខូចដល់សន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យខូចទីផ្សារសកល។ ការប្រឆាំងតតាំងគ្នាទៅវិញទៅមកបែបនេះ ឆ្លុះបញ្ចាំងពីការកើនឡើងភាពតានរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលលោកប្រធានាធិបតី Trump ហៅចលនានេះថា ជា "សត្រូវសេដ្ឋកិច្ច"៕
អត្ថបទ៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី