(កូឡាឡុំាពួ)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong Lai នៅថ្ងៃសុក្រម្សិលមិញ បានច្រាលចោលនូវសេចក្តីរាយការណ៍មួយ ដែលបានអះអាងថា អ្នកបើកបរយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរ MH370 ត្រូវបានគេរកឃើញ និងកំពុងទទួលការព្យាបាល ក្នុងមន្ទីរពេទ្យមួយ នៅកោះតៃវ៉ាន់ នេះបើតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួ បានឲ្យដឹងនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
«ក្រសួងនឹងផ្តល់ព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងយន្តហោះ MH370 ជាបន្តបន្ទាប់, គ្រប់ព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនឹងជើងហោះហើរ MH370 ត្រូវតែបានបញ្ជូនមកកាន់ពួកយើង» នេះបើតាមសម្តីលោក Liow Tiong Lai បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ។
សូមជំរាបថា គេហទំព័រមួយ ដែលមានឈ្មោះថា «The portal worldnewsdailyreport.com» បានចុះផ្សាយថា អ្នកបើកបរយន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370 លោក Zaharie Ahmad Shah ត្រូវបានអ្នកភូមិប្រទះឃើញដេកសន្លប់ នៅច្រាំងទន្លេ Tangshui ហើយបានបញ្ជូនគាត់ ទៅកាន់មន្ទីរពេទ្យ Taipei Adventist Hospital នៃកោះតៃវ៉ាន់ ខណៈស្ថានកុងស៊ុលម៉ាឡេស៊ីប្រចាំកោះតៃវ៉ាន់ បានបញ្ជាក់ថា ការចេញផ្សាយនេះ គឺមិនមានការពិត៕
ប្រភព ៖ ស៊ិនហួរ និង អាស៊ីវ័ន
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី