(ក្រុងម៉ូនិច)៖ កម្មវិធីប្រកួតជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយ UEFA Champions League បានចេញជាផ្លូវការហើយ គឺក្រុមការពារតំណែងជើងឯក FC Barcelona និង Bayern Munich ធ្វើម្ចាស់ផ្ទះមុនគេ ទទួលស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid និង Benfica ។
Barcelona ត្រូវបើកទ្វារពហុកីឡដ្ឋាន Camp Nou ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid របស់អេស្ប៉ាញដូចគ្នានាត្រីថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦ គ្រាដែល Bayern Munich បើកទ្វារកីឡដ្ឋាន Allianz Arena ដើម្បីស្វាគមន៍ក្រុមភ្ញៀវមកពីព័រទុយហ្គាល់ Benfica នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រដូចគ្នា (ម៉ោងនៅកម្ពុជា) ដើម្បីចាប់ផ្តើមជើងទីក្នុងវគ្គ៨ក្រុម ។
Barcelona មានទម្រង់លេងល្អជាង Atletico Madrid ដោយបានទម្លាក់កាំភ្លើងធំ Arsenal ដោយស្រួលក្រោម លទ្ធផលទាំងពីរជើង ៥-១ ហើយក៏ជាក្រុមតែមួយគត់ដែលមិនទាន់ធ្លាប់ស្គាល់ពាក្យថាស្មើ និងចាញ់ឡើយក្នុង Champions រដូវកាលឆ្នាំ២០១៥-២០១៦ នេះ គ្រាដែលគូប្រជែង ហើយក៏ជាជើងឯករងឆ្នាំ២០១៤ Atletico Madrid វិញ បានឡើងមកដល់វគ្គ៨ក្រុមទាំងត្រដាបត្រដាបត្រដួស ដោយលទ្ធផល ៨-៧ ដោយបាល់ប៉េណាល់ទី ទម្លាក់ក្រុមជើងឯកមកពីហូឡង់ PSV Eindhoven ក្រោយមិនអាចបំបែកពងមាន់បាន ក្រោមលទ្ធផលទាំងពីរជើង ០-០ ។
ងាកមកមើល Bayern Munich ក៏ជាក្រុមដែលទុកចិត្តផងដែរ ក្នុងការឈ្នះកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមិនសូវជាតានតឹងប៉ុន្មានទេ ពេលជួបគូសត្រូវមកពីព័រទុយហ្គាល់ Benfica ថ្វីត្បិតទម្លាក់ក្រុមជើងឯករងឆ្នាំទៅ Juventus ក្នុងវគ្គ១៦ក្រុមទាំងលំបាកក្តី ខណៈដែលទម្រង់លេងរបស់ Benfica ច្បាស់ជាទៅមិនរួច និងតស៊ូបានដូច សេះបង្កង់ឡើយ ជាមួយប្រព័ន្ធការពារ និងខ្សែប្រយុទ្ធគ្មានអ្វីគួរឲ្យបារម្ភច្រើន ដូចក្រុមខា្លរខិន Bayern Munich ដែល កំពុងដឹកនាំដោយគ្រូបង្វឹក Pep Guardiola នោះទេ ។
សម្រាប់រាត្រីបន្ទាប់ Paris Saint-Germain របស់បារាំង ក៏បើកទ្វារទទួលភ្ញៀវ Manchester City មកពីអង់គ្លេសផង ដែរ ស្របពេលដែល Wolfsburg របស់អាល្លឹម៉ង់ ទទួលក្រុមភ្ញៀវ Real Madrid របស់អេស្ប៉ាញ ដើម្បីបញ្ចប់ជើងទី១ នៃវគ្គ៨ក្រុមក្នុង Champions League ដូចគ្នា ៕
កីឡាកររបស់ក្រុម FC Barcelona (អេស្ប៉ាញ)
កីឡាករក្រុម Bayern Munich (អាល្លឺម៉ង់)
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី