(ម៉ាឌ្រីដ)៖ ក្រុមយក្សរបស់អេស្ប៉ាញ FC Barcelona បានគ្រងតំណែងជើងឯកពានលំដាប់ទី២ Copa del Rey ឆ្នាំ ២០១៦ ជាលើកទី២៨ ប្រចាំក្លឹប ក្រោយពីបំបាក់គូប្រជែងជើងខ្លាំង Sevilla ដោយលទ្ធផលបច្ចេកទេស ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Vicente Calderon របស់ក្លឹប Atletico Madrid យប់មិញនេះ ។
តាមរយៈសារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ Jordi Alba ជាអ្នកស៊ុតគ្រាប់បំបែកពងមាន់ Sevilla នៅនាទីទី៩៧ ក្នុងខណៈដែលនៅសល់សមាជិកតែ១០នាក់ដូចគ្នា ក្រៅពីបាត់បង់ខ្សែការពារឆ្នើម Javier Mascherano នៅនាទីទី៣៦ ដោយការចាប់តោងអាវខ្សែប្រយុទ្ធ Kevin Gameiro ឲ្យដួល និង Sevilla បានបាត់បង់ សមាជិក១រូបដូចគ្នានៅនាទីទី៩០ Ever Banega នោះ ។
យ៉ាងណាក៏ដោយម្ចាស់ជើងឯក La Liga រដូវកាលឆ្នាំ២០១៥-២០១៦ បន្តសម្រុករហូតដល់កីឡាករ Daniel Carrico របស់ Sevilla ទទួលបានកាតក្រហមទៀត (កាតលឿង២ដង) ដើម្បីបើកផ្លូវឲ្យខ្សែប្រយុទ្ធវ័យក្មេង Neymar រកបានគ្រាប់ទី២ឲ្យ Barca នៅនាទីទី១២០+៤ ដើម្បីមានសិទ្ធិពេញលេញក្នុងការឈ្នះពាន Copa del Rey លើកទី២៨ ដោយស្រួល និងឈ្នះពាន២ក្នុងរដូវកាលនេះផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង