(ម៉ានីល)៖ ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកងទ័ពអាមេរិក ក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ បានផ្ទុះជាអំពើហិង្សានៅខាងមុខស្ថានទូតអាមេរិកប្រចំាទីកក្រុងម៉ានីល ដោយប៉ូលិសបានប្រើប្រាសឧស្ម័ន បង្ហូរទឹកភ្នែក ហើយថែមបានបើករថយន្ដបំបុក ដើម្បីបំបែកក្រុមបាតុករថែមទៀតផង។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
យោងតាមរូបភាពរបស់សារព័ត៌មាន AP ក្រុមកងកម្លំាងរក្សាសណ្ដាប់ធ្នាប់បានឡោមព័ទ្ធក្រុមបាតុករ និងបាន យកដំបងឈើវាយទៅលើពួកគេ ហើយមិនតែប៉ុណ្ណោះតាមរយៈខ្សែវីដេអូមួយ ដែលទើបតែត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប៉ូលិសបានបើករថយន្ដសម្រុកចូលជាច្រើនលើកច្រើនសារ ទៅក្នុងចំណោមហ្វូងបាតុករ ដោយបានបណ្ដាលឱ្យមនុស្សបីនាក់រងបួស ខណៈក្រុមបាតុករ ២៣នាក់ត្រូវបានឃាត់ខ្លួន។
ដោយឡែកជុំវិញករណីហឹង្សានេះដែរ មេដឹកនំាក្រុមបាតុករ លោក Renato Reyes បានប្រាប់ AP ទាំង កំហឹងថា «បើទោះជាប្រធានាធិបតីហ្វីលីពីន បានសន្យាស្វែងរកនយោបាយការបរទេសឯករាជ្យក៏ដោយ ក៏ប៉ុន្តែក្រុមប៉ូលិសនៅតែបន្តធ្វើសកម្មភាពដូចជាឆ្កែបម្រើអាមេរិកដដែល»។ គួរបញ្ជាក់ថា សកម្មភាពដ៏សាហាវឃោឃៅបែបនេះ យើងកម្រឃើញកើតមានណាស់នៅក្នុងបណ្តាប្រទេសអាស៊ាន ហើយសម្រាប់ប្រទេសកម្ពុជាវិញ គឺមិនធ្លាប់កើតមានតែម្តង៕
ប្រភព ៖ អ័រតេ/ប៊ីប៊ីស៊ី