CamNews

ព័ត៌មានអន្តរជាតិ 

UN កំពុងរៀបចំទណ្ឌកម្ម ទុកដាក់លើកូរ៉េខាងជើងបន្ថែមទៀត ប៉ុន្តែមិនដឹងថា នឹងមានប្រសិទ្ធភាព ឬក៏អត់

(ញូយ៉ក)៖ ក្រោយការ​បាញ់​មីស៊ីល SLBM ចេញពីនាវាមុជទឹកបានសម្រេច និងការប្រកាសជោគជ័យ​ធំធេង​ពីប្រទេស កូរ៉េ​ខាងជើងនោះ វាក៏ជាពេលដែល​ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ត្រូវរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីទណ្ឌកម្ម​បន្ថែមទៀត ដែលនឹងឆ្លើយតបចំពោះ ទង្វើទីក្រុងព្យុងយ៉ាងនេះដែរ។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហាឆ្នាំ២០១៦។

ការរៀបចំកិច្ចប្រជុំបន្ទាន់ ខាងលើនេះ គឺបានកើតឡើង​ក្រោយពីមានការស្នើសុំ​ពីសំណាក់ប្រទេស កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ទៅកាន់អគ្គរាជទូត​ម៉ាឡេស៊ីប្រចាំ UN លោក Ramlan Bin Ibrahim ដែលជាប្រធាននៅក្នុង កិច្ចប្រជុំខាងលើនេះ។ លោក Ramlanh បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​ទាំងមូល បានសម្តែងការថ្កោលទោស ចំពោះសកម្មភាព កូរ៉េខាងជើងរួចទៅហើយ ដែលមានន័យវាត្រូវបានរង់ចាំ តែការសម្រេចចេញជាសេចក្តីថ្លែងការណ៍ ជាផ្លូវការ ដើម្បីថ្កោលទោសកូរ៉េខាងជើង តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សមាជិកទាំង ១៥ប្រទេសត្រូវការកិច្ចពិភាក្សា និងសម្រេចរួមគ្នាក្នុងការដាក់ទណ្ឌកម្ម​បន្ថែមទៅលើ កូរ៉េខាងជើង តាមសំណើពី​សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង។ ជុំវិញបញ្ហានេះអគ្គលេខាធិការ​​លោក បាន គីមូន ក៏បានលើកឡើងផងដែរថា ការបាញ់មីស៊ីល​របស់កូរ៉េខាងជើង ទោះបីជាប្រភេទណាក៏ដោយ គឺជាការរំលោភ​ទៅលើ ដំណោះស្រាយរបស់ UNSC ដែលបានសម្រេចកន្លងមក ជាពិសេសវាបាន និងកំពុងបំផ្លាញសន្តិសុខក្នុងតំបន់។

គួរបញ្ជាក់ថា មេដឹកនាំកំពូលផុតលេខ​របស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានសាររព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA ចេញផ្សាយសម្តីរបស់លោក​បានថ្លែងថា លោក គីម ចាត់ទុកការបាញ់គ្រាប់មីស៊ីល​ផ្លោងឆ្លងទ្វីប ចេញពីនាវាមុជទឹក (SLBM) គឺជាភាពជោគជ័យ​ដ៏អស្ចារ្យបំផុត សម្រាប់ប្រជាជាតិ​កូរ៉េខាងជើង។

ការបាញ់មីស៊ីល នៅព្រឹកថ្ងៃពុធម្សិលមិញនេះ បានបង្ហាញពី «អំណាចយោធាជួរមុខ ដែលត្រូវបានបំពាក់ដោយ សមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរ​យ៉ាងពេញទំហឹង» និងអាចធ្វើការកំណត់ទិសដៅ​វាយប្រហារ​ដល់ទឹកដីអាមេរិក និង តំបន់ប៉ាស៊ីហ្វិកទាំងមូល​បានហើយ។ KCNA បានចេញផ្សាយ​ដោយយោងតាមសម្តីរបស់លោក គីម បានបង្ហាញថា លោកកំពុងមានមោទនភាពខ្ពស់​លើសក្តានុពលយោធា​របស់ខ្លួន។ លោក គីម ជុងអ៊ុន ក៏កំពុងជំរុញវិស្វករ​ជំនាញ ឲ្យសម្រេចឲ្យបាននូវបំពាក់ក្បាលគ្រាប់​ នុយក្លេអ៊ែរលើតួមីស៊ីល ឲ្យចេញជាលទ្ធផល ក្នុងពេលឆាប់ៗផងដែរ៕

ប្រភព ៖ យ៉ុនហាប់

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: UN United Nation Int news Hot news