ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះស្លាប់ ក្នុងសោកនាដកម្ម គ្រោះថ្នាក់ នាវាបុកសាឡាង កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅ នៅក្នុងសង្កាត់ Manikganj ភាគខាង លិច ឆៀង ខាងជើង ប្រទេស បង់ក្លាដេស បានកើនឡើងដល់ ៦៩ នាក់ហើយ បន្ទាប់ពី ថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមការងារបានស្រង់ត្រលប់មកវិញ នូវសាកសពជនរងគ្រោះស្លាប់ ២៨ នាក់ បន្ថែមទៀត ។
ប្រធានរដ្ឋបាលសង្កាត់ លោកស្រី Rashida Ferdous ស្រាយបំភ្លឺអោយដឹងថា សាឡាង MV Mostafa ដែល បានលិចទៅនោះ ត្រូវបានស្រង់ត្រលប់មកវិញ នៅថ្ងៃច័ន្ទ ដោយប្រើនាវាសង្គ្រោះ ។ " ក្រុមការងារ ជ្រមុជទឹក និង អ្នកភូមិ បានស្រង់ត្រលប់មកវិញ សាកសពសរុប ៦៩ នាក់ ហើយ ពីក្នុងសាឡាងដែល បានលិចបាត់ និង ពីតំបន់មាត់ទឹក ត្រង់បរិវេណ សាឡាងលិច កាលពីរសៀល ថ្ងៃអាទិត្យកន្លង ។
គួររំឮកថា សាឡាង មានឈ្មោះ MV Mostafa សេចក្តីរាយការណ៍ បញ្ជាក់ បានថា ផ្ទុកអ្នកដំណើរសរុប ១៥០ នាក់ បានក្រឡាប់លិច ចូលទៅក្នុងទន្លេ Padma រសៀលថ្ងៃអាទិត្យ កន្លងទៅ បន្ទាប់ពីត្រូវបានបុក ដោយនាវាដឹកទំនិញ ។ មន្រ្តីប៉ូលីសក្នុងស្រុក ក៏ដូចជា ក្រុមមន្រ្តីចុះ ជួយ សង្គ្រោះ បញ្ជាក់អោយដឹងថា មនុស្សប្រមាណជាង ៥០ នាក់ បានហែលត្រលប់ មកកាន់ដីគោក រកទីសុវត្ថិភាព ខណៈ ៣០ នាក់ផ្សេង ទៀតត្រូវបានជួយសង្គ្រោះ បានទាន់ពេល ។ សរុបរួម មកទល់ បច្ចុប្បន្នភាព សព មនុស្ស ៦៩ នាក់ ត្រូវ បានរកឃើញ ខណៈ សាកសព ៦៨ នាក់ បានបញ្ជូនទៅអោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាម ប្រពៃណី ។
ដោយឡែក ក្រសួងសាធារណៈការណ៍ និង ដឹកជញ្ជូនបាន ប្រកាស ផ្តល់ជំនួយឥតសំណង ប្រមាណ ២៥៦ ដុុល្លារសហរដ្ឋអាមេរិក សម្រាប់ការបញ្ជុះសាពសពម្នាក់ ជូនចំពោះក្រុមគ្រួសារនៃសពផ្ទាល់តែម្តង រយៈពេលជិត ២ ថ្ងៃ បន្ទាប់ពីសោកនាដកម្មលើកនេះ ក្រុមការងារ ជួយសង្គ្រោះ បានស្រង់ត្រលប់មកវិញ នូវសាកសពសាឡាងលិច នារសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ ។ បើទោះជា យ៉ាងណាក៏ដោយចុះ នៅមាន តួរលេខក្រុមមនុស្សបាត់ខ្លួន ច្រើននាក់ផ្សេងទៀត ខណៈក្រុមការងារជួយសង្គ្រោះ ប្តេជ្ញា ខិតខំស្រាវជ្រាវ បន្ថែមទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ