(មូស្គូ)៖ យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 Backfire រយៈចម្ងាយឆ្ងាយរបស់ប្រទេសរុស្ស៊ី នឹងត្រូវបំពាក់ដោយ គ្រាប់មីស៊ីលដ៏ថ្មីសន្លាងប្រភេទ Kh-32 Cruise Missile ដែលមានលទ្ធភាពធ្វើការវាយប្រហារនាវាចម្បាំងរបស់សត្រូវ និងប្រព័ន្ធរ៉ាដានានា ដែលរំខានដល់ការចាប់សញ្ញារបស់យន្តហោះខាងលើនេះ ថែមទៀតផង។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦។
លោក Dmitry Kornev អ្នកជំនាញគ្រប់គ្រងកម្មវិធីផលិតមីស៊ីល ខាងលើនេះបានឲ្យដឹងថា «Kh-32 Cruise Missile អាចធ្វើការបាញ់ចេញពីយន្តទម្លាក់គ្រាប់បែកខាងលើនេះ រួចអាចហោះហើរបានរយៈចម្ងាយ ៤០គីឡូម៉ែត្រ ទៅកាន់ទីតាំងដែលត្រូវវាយប្រហារផងដែរ»។ មីស៊ីលខាងលើនេះ ត្រូវបានអភិវឌ្ឍន៍ដោយការិយាល័យច្នៃបង្កើត Raduga របស់រុស្ស៊ី ដោយបាននិងកំពុងសហការជាមួយទីភ្នាក់ងាររដ្ឋរុស្ស៊ី ដើម្បីឲ្យសមត្ថភាពការពារដែនអាកាស និងការវាយប្រហារពីយន្តចម្បាំងរបស់សត្រូវ កាន់តែមានតែប្រសិទ្ធភាពខ្លាំងជាងមុន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ការធ្វើតេស្ត Kh-32 Cruise Missile បានប្រព្រឹត្តទៅកៀកនឹងលទ្ធផលសម្រេច ១០០ភាគរយហើយ។ សម្រាប់ Kh-32 ត្រូវបានបង្កើតឡើងដំបូងនៅអំឡុងទសវត្សរ៍ ១៩៩០ ហើយត្រូវបានធ្វើតេស្ត សាកល្បងនៅអំឡុងពាក់កណ្តាលទសវត្សរ៍ ២០០០។ នៅឆ្នាំ ២០១៣ យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 បានធ្វើការហោះបង្អួតរាងក្នុងពិធីព្យុហយាត្រារបស់រដ្ឋ ដោយមានការបំពាក់ Kh-32 ផងដែរ ប៉ុន្តែមិនមែនជា Kh-32 Cruise Missile ដូចដែលរុស្ស៊ីកំពុងអភិវឌ្ឍន៍ឲ្យខ្លាំងក្លាដូចពេលនេះទេ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី